ការដំឡើងផ្លាកសញ្ញាចរាចរណ៍ លើផ្លូវដែកជិត ៨០០កន្លែង នឹងបញ្ចប់ត្រឹមខែមេសា
ភ្នំពេញ៖ ដើម្បីការពារសុវត្ថិភាពពីគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានលើផ្លូវដែក លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាឱកាសចុះបង្ហាញវឌ្ឍនភាពការងារដំឡើង ផ្លាកសញ្ញាចរាចរណ៍នៅត្រង់ចំណុចឆ្លងកាត់ផ្លូវដែកចំនួន ៩៧១កន្លែង សម្រាប់ការដឹកជញ្ជូន និងសុវត្ថិភាពការធ្វើចរាចរាចរណ៍ឆ្លងកាត់ផ្លូវដែក បានអះអាងពីការប្តេជ្ញាចិត្តក្នុងការបញ្ចប់ ការដំឡើងផ្លាកសញ្ញាចរាចរណ៍នេះ ឲ្យបាននៅត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៥ខាងមុខ ។ លោកប៉េង ពោធិ៍នា បានមានប្រសាសន៍កាលពីថ្ងៃ២១ មករាថា ក្នុងចំណោមផ្លាកទាំង៩៧១កន្លែងនេះ បានកំណត់ដំឡើងនៅផ្នែកខាងជើងចំនួន ៦៧៩ទីតាំង ចំណែកផ្នែកខាងត្បូងមាន២៧២ទីតាំង ។ ក្នុងចំណោមទីតាំងទាំងអស់នេះ បានផ្តោតជាសំខាន់ទៅលើទីតាំងចំនួន៤ គឺទី១-ផ្លូវឆ្លងកាត់ដែលមានមនុស្សធ្វើចរាចរណ៍ច្រើន , ទី២-ផ្លូវឆ្លងកាត់មានចរាចរណ៍មធ្យម , ទី៣-ផ្លូវឆ្លងកាត់មានចរាចរណ៍តិច និងទី៤-ផ្លូវកាត់នៅតាមភួមិ ។ លោកបន្តថា “ដើម្បីចូលរួមអភិវឌ្ឍន៍ និងពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវដែក ក្រសួងសាធារណការ និង ដឹកជញ្ជូនក៏បានពិនិត្យទៅលើផែនការសកម្មភាពថា យើងនឹងបញ្ចប់ការដំឡើងផ្លាកសញ្ញាចរាចរណ៍ នៅតាមផ្លូវដែកយើងនេះ ឲ្យបានត្រឹមខែ៤ យ៉ាងយូរត្រឹមខែ៤ យើងនឹងធ្វើយ៉ាងណាឲ្យសម្រេចនូវចំនួន៩៧១ទីតាំង”។ ជាមួយគ្នានេះ រដ្ឋមន្រ្តីក៏បានធ្វើការអំពាវនាវទៅដល់ ពលរដ្ឋដែលធ្វើដំណើរនិងដឹកជញ្ជូន ឆ្លងកាត់តាមផ្លូវដែកត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ការគោរពច្បាប់ និងផ្លាកសញ្ញាចរាចរណ៍ដើម្បីជៀសវាង គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវដែក៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed