កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ ពីសិរីសោភ័ណ-ប៉ោយប៉ែត នឹងបញ្ចប់នៅអំឡុង ឆ្នាំ២០២៦

ភ្នំពេញ ៖ កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ-ប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ប្រវែង៣៥,១៤គីឡូម៉ែត្រ មានវឌ្ឍនភាពដោយអន្លើៗ ដោយសម្រចបានលទ្ធផលជារួម ២៩% គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ ខណៈគម្រោងនៃកំណាត់ចុងក្រោយនឹងបញ្ចប់ ក្នុងអំឡុងឆ្នាំ២០២៦ ខាងមុខ ។ នេះបើតាមហ្វេសប៊ុករបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃ៦ កុម្ភៈ។ កំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) គឺជាកំណាត់ចុងក្រោយ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥។ ជាមួយគ្នានេះ លោកអ្នកនាំពាក្យក៏បានអំពាវនាវ ដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ដោយប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ។ លោកក៏បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋធ្វើដំណើរ ដែលមានការយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលដំណើរការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៥ កំពុងដំណើរការតែមមាញឹកនេះ៕