ឧត្តមសេនីយ៍ឯកជួន ណារិន្ទ ៖ ករណីបង្ហោះចោរប្លន់ម៉ូតូនៅក្រាំងធ្នង់ ការពិតម្ចាស់យកម៉ូតូខ្លួនឯងទៅលក់

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបង្ហាញការពិត ចំពោះការបង្ហោះផ្សាយបន្តគ្នា អំពីករណីចោរប្លន់ ម៉ូតូអ្នកសិល្បៈម្នាក់នោះ គឺជារឿងមិនពិតទេ ព្រោះម្ចាស់បានយកម៉ូតូទៅលក់តម្លៃជិត១ពាន់ដុល្លារ ។ យោងតាមហ្វេសប៊ុករបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នាថ្ងៃ១០ កុម្ភៈនេះបានឲ្យដឹងថា កាលពីថ្ងៃទី៩ កុម្ភៈ លោកបានឃើញផេកមួយបង្ហោះថា ត្រូវប្រុងប្រយ័ត្ន តាមផ្លូវក្នុងខណ្ឌសែនសុខ ម្តុំក្រាំងធ្នង់ នៅពេលយប់ ដោយសារអ្នកសិល្បៈត្រូវចោរប្លន់ច្រើន ។ បន្ទាប់មកលោក ក៏បានឲ្យសមត្ថកិច្ចស្រាវជ្រាវ ប៉ុន្តែលទ្ធផល មិនមានករណីនេះកើតឡើងទេ ។ បន្ទាប់ពីមានការផ្សាយបែបនេះរួចមក លោកថា អ្នកនាំពាក្យស្នងការដ្ឋានបង្ហោះប្រាប់ថា បើមានបញ្ហាឲ្យមកប្ដឹងសមត្ថកិច្ច ហើយក៏បានស្រាវជ្រាវឃើញថា ករណីខាងលើ ម្ចាស់យកម៉ូតូទៅលក់ខ្លួនឯង (បានលុយ៩៣០ដុល្លារ) ហើយកុហកក្រុមគ្រួសារថា ត្រូវចោរប្លន់៕