ស្នងការនគរបាល រាជធានីភ្នំពេញ មិនអាចអញ្ជើញ លោកបណ្ឌិត សុខ ទូច ទៅដោះស្រាយបានទេ

ភ្នំពេញ ៖ អ្នកឃ្លាំមើលព្រឹត្តិការណ៍ របស់លោកបណ្ឌិត សុខ ទូច ប៉ះសម្ដីជាមួយសមត្ថកិច្ច ចុះអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង នៅខណ្ឌសែនសុខ បានលើកឡើងថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ មិនអាចអញ្ជើញ លោកបណ្ឌិត សុខ ទូច ទៅដោះស្រាយបានទេ ព្រោះតួនាទីរបស់លោកបណ្ឌិត ជាប្រធានស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា ឋានៈស្មើរដ្ឋមន្ត្រី គួរអ្នកមានឋានៈថ្នាក់ខ្ពស់ជាងនេះ ទើបអាចអញ្ជើញលោកបណ្ឌិតទៅបាន ។ នេះបើយោងតាមបណ្ដាញសង្គមហ្វេសប៊ុក របស់លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ។ ការលើកឡើងរបស់អ្នកឃ្លាំមើល ព្រឹត្តិការណ៍របស់លោកបណ្ឌិត សុខ ទូច បានធ្វើឡើងបន្ទាប់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យមន្រ្តីជំនាញចរាចរណ៍ផ្លូវគោក អញ្ជើញលោកបណ្ឌិត សុខ ទូច និងនគរបាលអនុវត្តច្បាប់ ដែលមានការតឹងសរសៃកដាក់គ្នា មកដោះស្រាយទល់មុខគ្នា ៕