ពលរដ្ឋនៅខេត្តសៀមរាប កុំចូលទៅក្បែរ តំបន់ទីលាន បាញ់គ្រាប់ពិតភ្នំខ្យង
ភ្នំពេញ ៖ រដ្ឋបាលខេត្តសៀមរាប បានហាមឃាត់ពលរដ្ឋ ដែលកំពុងស្នាក់នៅ និងប្រកបរបររកទទួលទានផ្សេងៗ នៅជុំវិញទីលានបាញ់គ្រាប់ពិតភ្នំខ្យង នៅខេត្តសៀមរាប កុំចូលទៅក្បែរនៅតំបន់ ទីលានបាញ់គ្រាប់ពិតភ្នំខ្យង ស្ថិតនៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាបនេះ ព្រោះកងពលធំ អន្តរាគមន៍លេខ២ នឹងមានការហ្វឹកហ្វឺនបាញ់ស៊ីបកាំភ្លើង AK47 នៅតំបន់នេះចាប់ពីថ្ងៃ២៦-២៧ កុម្ភៈខាងមុខ។ សេចក្តីជូនដំណឹងរបស់រដ្ឋបាល ខេត្តសៀមរាប នាថ្ងៃ២៥ កុម្ភៈនេះ បានឲ្យដឹងថា ការចេញដំណើរការបាញ់គ្រាប់ពិតនេះ ដើម្បីត្រួតពិនិត្យលទ្ធផល របស់សិក្ខាកាមពលទាហានហ្វឹកហ្វឺន ដែលស្ថិតនៅទីលានបាញ់គ្រាប់ពិតភ្នំខ្យង របស់ពលទាហាន កងពលធំអន្តរាគមន៍លេខ២ ។ ដូច្នេះ ដើម្បីឲ្យសកម្មភាពហ្វឹកហ្វឺន ទទួលបានលទ្ធផលល្អប្រសើរ តាមការគ្រោងទុក ពលរដ្ឋចូលរួមសហការអនុវត្ត និងកុំចូលទៅកាន់ទីតាំងនៅក្បែរ កន្លែងបាញ់គ្រាប់ពិត ជាបណ្តោះអាសន្ន តាមកាលបរិច្ឆេទខាងលើ ដើម្បីជៀសវាងនូវបញ្ហាគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។ ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រដ្ឋបាលស្រុកស្វាយលើ មន្ទី-អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលឃុំកន្ទួត ត្រូវចូលរួមសហការអនុវត្ត និងផ្សព្វផ្សាយ ដល់ពលរដ្ឋឲ្យបានទូលំទូលាយ ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed