សម្ដេចតេជោ​ ហ៊ុន​ សែន​ ថ្លែង​អំណរគុណ​លោក សយ​ សុភាព​ ចំពោះការចូលរួមជួយ​អភិវឌ្ឍន៍​តំបន់ព្រៃស្នួល

ភ្នំពេញ៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​នៃកម្ពុជា​ ថ្លែង​អំណរគុណ​ដល់លោក​ សយ​ ​សុភាព​ អគ្គនាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ដេីមអម្ពិល​ ដែលបានជួយអភិវឌ្ឍន៍​តំបន់​ព្រៃ​ស្នួល​ ស្ថិត​ក្នុង​ឃុំ​រវៀង​ ស្រុក​សំរោង​ ខេត្តតាកែវ​ ​ពីតំបន់​អរសន្តិសុខ​ទៅជា​តំបន់​អភិវឌ្ឍន៍​ស្ទេីរគ្រប់វិស័យ​។ ការ​ថ្លែង​អំណរគុណ​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ធ្វេីឡេីងបន្ទាប់ពី​លោក​ សយ​ សុភាព​ បង្ហោះ​សារតាម​បណ្ដាញសង្គម​ហ្វេសប៊ុក​ក្នុង​ន័យ​ដេីម​ទាំងស្រុង​ថា​ “​មកដល់ពេលនេះការអភិវឌ្ឍន៏នៅតំបន់ព្រៃស្នួល ឃុំរវៀង ស្រុកសំរោងបាននិងកំពុងបន្តតាមរយៈការវិនិយោគបរទេសដោយសាងសង់រោងចក្រថ្មីៗចំនួន៤បន្ថែមលើរោងចក្រកំពុងដំណើរការនៅតំបន់ផ្សេងទៀតនៃខេត្ត តាកែវ។ដោយសារតម្រូវការដីចាក់បំពេញទីតាំងរោងចក្រ ដីនៅក្នុង អូ ប្រឡាយត្រូវបានស្តារឱ្យជ្រៅទៅតាមបទដ្ឋានបច្ចេកទេស និង លើកបានជាផ្លូវពី៤ម-៨ម។ ជាក់ស្តែងនៅរដូវប្រាំងកន្លងមកនេះ តំបន់ព្រៃស្នួលគ្របដណ្តប់លើភូមិចំនួន៥ នៃ៤ឃុំ ផ្ទៃដីធ្វើស្រែប្រាំងជិត ១៥០ហ.តមានទឹកស្រោចស្រពគ្រប់គ្រាន់ហើយបានច្រូតកាត់បណ្តើរៗដោយនៅសល់ទឹកទៀត(យើងខ្ញុំបានបូបទឹកទម្លាក់ពីបឹងរកា)មកជួយសង្រ្គោះ។នៅមុននេះខ្ញុំបានស្តារអូរបន្ថែមសម្រាប់ស្តុកទឹកបន្ទាប់មកខ្ញុំបាននិងកំពុងបន្តស្តារពីអូរឱ្យទៅជាអាងស្តុកទឹករាប់មុឺនម៉ែត្រគូប ដោយទីតាំងអំណោយផលមិនសម្រាប់ស្រែប្រាំងទេ តែតម្រូវការជាច្រើនទៀតនៅតំបន់ជុំវិញនោះ។ យើងខ្ញុំនៅបន្តស្តារប្រឡាយរំដោះទឹកមកពីខាងលើផ្លូវជាតិលេខ២ និងបានជាប្រយោជន៏បង្កបង្កើនផលស្រែប្រាំងសម្រាប់អ្នកក្បែរនោះ និងបញ្ជៀសជំនន់ទឹកភ្លៀងប្រសិនបើមាន។ និយាយជារួមខ្ញុំរួមជាមួយអាជ្ញាធរ អ្នកស្រុកធ្វើឱ្យតំបន់ព្រៃស្នួលមានព័ណ៌បៃតងនិងក្លាយជាតំបន់ សេដ្ឋកិច្ចសម្រាប់បងប្អូនអ្នកភូមិនៃស្រុកសំរោង។ សរុបមកអាជ្ញាធរខេត្តមិនត្រឹមតែខិតខំ រកការងារជូនកូនចៅអ្នកស្រុកទេថែមទាំងធ្វើឱ្យអ្នកស្រុកកែក្រែមុខមាត់ថ្មីទៀត”។ បន្ទាប់​ពី​ការ​បង្ហោះរបស់​លោក​ សយ​ សុភាព​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានចូលទៅបញ្ចេញមតិ(ខាំមិន)ថា​ “អរគុណសម្រាប់ការចូលរួមជួយដល់ប្រជាជន”៕