ក្រសួងធម្មការ៖ ការរៀបចំក្រុមជំនុំ ព្រះត្រៃបិដកឡើងវិញ មិនមានចេតនាលុបបំបាត់ ស្នាព្រះហស្តពីដើមទេ
ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានធ្វើការបកស្រាយថា ការរៀបចំឡើងវិញនូវក្រុមជំនុំព្រះត្រៃបិដក គឺមិនមានចេតនាលុបបំបាត់នូវគុណូបការៈ និងស្នាព្រះហស្ត ឬស្នាដៃរបស់ក្រុមជំនុំព្រះត្រៃបិដក ជំនាន់ដើមនោះទេ ។ ប៉ុន្តែផ្ទុយទៅវិញ ការរៀបចំក្រុមជំនុំព្រះត្រៃបិដកឡើងវិញ គឺក្នុងគោលបំណងដើម្បីបន្តថែរក្សានូវគុណតម្លៃព្រះត្រៃបិដកខ្មែរ និងសមិទ្ធផលរបស់ក្រុមជំនុំព្រះត្រៃបិដកជំនាន់ដើម ព្រមទាំងបន្តឆន្ទៈក្នុងការពង្រឹងនិងផ្សព្វផ្សាយព្រះពុទ្ធវចនៈរបស់ព្រះសម្មាសម្ពុទ្ធ ដែលមានសម្តែងទុកនៅក្នុងគម្ពីរព្រះត្រៃបិដក។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងនៅថ្ងៃ១៤ មីនា ។ ការបកស្រាយរបស់ក្រសួងធម្មការនេះ ដើម្បីឆ្លើយតបទៅនឹងភិក្ខុផលធរោ ផុន ភក្តីដែលកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ភិក្ខុផុន ភក្តី បានបង្ហាញក្តីកង្វល់ចំពោះការរៀបចំឡើងវិញនូវក្រុមជំនុំព្រះត្រៃបិដក ។ ដោយភិក្ខុ មានសង្ឃដីកាសថា “ការបង្កើតក្រុមជំនុំព្រះត្រៃបិដកសម័យថ្មី ដើម្បីផ្ទៀងផ្ទាត់ព្រះត្រៃបិដកពីបុរាណរបស់អ្នកប្រាជ្ញ គឺវាហួសពីការគិតរបស់មនុស្សធម្មតា ។ មនុស្សសម័យនេះរៀនឱ្យតែចេះបាន១ភាគរយនៃអ្វីដែលអ្នកប្រាជ្ញបន្សល់ទុកឱ្យ ហើយឱ្យយល់អត្ថន័យខាងក្នុងរបស់លោកនោះ ហៅថាមនុស្សអស្ចារ្យហើយ កុំថាឡើយទៅផ្ទៀងផ្ទាត់ឬកែតម្រូវ” ។ សូមបញ្ជាក់ថា កម្ពុជាបានកំណត់យកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ដើម្បីរៀបចំពិធីបុណ្យខួបទី៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក អមដោយការសូធ្យគម្ពីរព្រះត្រៃបិដកខ្មែរ ៣ឬ៥ថ្ងៃ ហើយជារៀងរាល់៥ឆ្នាំម្តង ត្រូវរៀបចំពិធីសូធ្យគម្ពីរព្រះត្រៃបិដក ដោយមានការសហការជាមួយ គណៈសង្ឃនាយកទាំងពីរគណៈ ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed