លោក ជា ធីរិទ្ធ៖ សមាជ រដ្ឋសភា-ព្រឹទ្ធសភា គ្រោងធ្វើឡើងនៅដើមខែមិថុនា
ភ្នំពេញ៖ អ្នកនាំពាក្យព្រឹទ្ធសភាលោក ជា ធីរិទ្ធ បានថ្លែងឲ្យដឹងថា សមាជរដ្ឋសភានិងព្រឹទ្ធសភាគ្រោងនឹងធ្វើឡើង នៅដើមខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ។ បើតាមលោក ជា ធីរិទ្ធ ដែលបានប្រាប់ក្រុមអ្នកសារព័ត៌មាននាថ្ងៃ២៧ មីនា នេះ គម្រោងសមាជរដ្ឋសភានិងព្រឹទ្ធសភាធ្វើឡើងក្រោមប្រធានបទ៣សំខាន់ៗដែលជាគោលដៅយុទ្ធសាស្រ្តរបស់ជាតិដូចជា ៖ វិស័យកសិកម្ម , វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រព័ន្ធគាំពារសង្គម ។ លោកគូសបញ្ជាក់ថា “អីចឹងប្រធានបទទាំង៣នេះ នឹងក្លាយទៅជាប្រធានបទដ៏សំខាន់ ក្នុងអង្គសមាជខាងមុខ ។ ចំពោះសមាជរដ្ឋសភា និងព្រឹទ្ធសភានេះ គឺធ្វើឡើងទៅតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជារបស់យើង មានចែងនៅក្នុងមាត្រា១១៦ថ្មី មាត្រា១១៧ថ្មី ហើយក៏មានកំណត់យ៉ាងច្បាស់នៅក្នុងច្បាប់ស្តីអំពីការរៀបចំ និងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភា-ព្រឹទ្ធសភាដែលបានអនុម័តកាលពីឆ្នាំ២០១០ដែរ” ។ លោកបន្តថា នៅក្នុងមាត្រា២បានចែងយ៉ាងច្បាស់លាស់ថា សមាជរដ្ឋសភា និងព្រឹទ្ធសភាគឺជាការប្រជុំរួមគ្នានៃសមាជិករដ្ឋសភា និងព្រឹទ្ធសភាដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ជាតិក្នុងករណីចាំបាច់ណាមួយ។ ដូច្នេះគម្រោងនៃការកំណត់ខ្លឹមសារនៃអង្គសមាជនេះ ក៏ស្របទៅនឹងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាថា សមាជរបស់រដ្ឋសភា-ព្រឹទ្ធសភា ដើម្បីប្រមូលធាតុផ្សំក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមនានារបស់ប្រទេសជាតិ។ បើតាមលោក ជា ធីរិទ្ធដដែល ដោយយោងតាមរដ្ឋធម្មនុញ្ញ ត្រង់មាត្រា៤ គឺប្រធានព្រឹទ្ធសភាជាប្រធាននៃអង្គសមាជ ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed