ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ទៀ សីហា រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានឱ្យដឹងថា យុទ្ធវិធីការពារជាតិរបស់កម្ពុជា ពេលបំពាក់សព្វាវុធ គឺដើម្បីការពារបូរណភាពទឹកដី ច្បាស់ណាស់គោលដៅ គឺតម្រង់ទៅខ្មាំងសត្រូវ មិនដែលមានក្បួនទ័ពណាដែលបង្វែរកាណុង មកផ្ទះខ្លួនឯងនោះទេ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បានលើកឡើងថា យោធាថៃចោទថា៖ «កម្ពុជាបង្វែរកាណុងកាំភ្លើងទៅភូមិដ្ឋាន និងបន្ទាយរបស់យោធាថៃ» លោកឧបនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «នេះជាយុទ្ធវិធីការពារជាតិរបស់កម្ពុជា ពេលយើងបំពាក់សព្វាវុធគឺដើម្បីការពារបូរណភាពទឹកដី ច្បាស់ណាស់គោលដៅគឺតម្រង់ទៅខ្មាំងសត្រូវ មិនដែលមានក្បួនទ័ពណាដែលបង្វែរកាណុង មកផ្ទះខ្លួនឯងនោះទេ ឬមួយកងទ័ពថៃរៀនយុទ្ធវិធី ខុសពីកម្ពុជា?»។ លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា ជម្រើសសន្តិវិធី គឺការចរចារវាងរដ្ឋាភិបាលទាំងពីរ ទាំងផ្នែកនយោបាយ ផ្នែកសេដ្ឋកិច្ច និងផ្នែកផ្សេងៗ ចំពោះផ្នែកយោធា គឺជម្រើសចុងក្រោយ។ លោកឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បានគូសបញ្ជាក់ទៀតថា «យើងត្រៀមរួចជាស្រេចក្នុងការការពារទឹកដីកម្ពុជា ដោយគ្មានមហិច្ឆតាឈ្លានពានទៅប្រទេសជិតខាងឡើយ»៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed