ក្រសួងការពារជាតិ បញ្ជាក់ថា ទង្វើមិនសមរម្យរបស់ទាហានថៃ បានបង្កការប៉ះពាល់ដល់ស្ត្រីខ្មែរ
ភ្នំពេញ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ឱ្យដឹងថា នៅថ្ងៃទី១៥ ខែកក្កដា ម៉ោង ១៣:២០នាទី ដោយសារអាកប្បកិរិយាមិនសមរម្យរបស់ទាហានថៃម្នាក់ ដែលឈរជើងនៅច្រកទ្វារចូលប្រាសាទតាមាន់ធំ ស្ត្រីជាជនជាតិខ្មែរក៏មិនសប្បាយចិត្ត នាំទៅដល់ការភាន់ច្រឡំ និងការប៉ះទង្គិចពាក្យសម្តី ហើយទាហានថៃនោះក៏បានហាមឃាត់ មិនឱ្យស្ត្រីជាជនជាតិខ្មែរឡើងទៅប្រាសាទ។ លោកស្រីបញ្ជាក់ថា ដោយឃើញហេតុការណ៍នេះ ទាំងទាហានកម្ពុជា និងទាហានថៃជាច្រើននាក់ ដែលកំពុងឈរជើងនៅប្រាសាទ ក៏បានរត់ទៅកាន់កន្លែងកើតហេតុ ប៉ុន្តែមិនមានជម្លោះប្រដាប់ដោយអាវុធអ្វីនោះទេ។ ភ្លាមៗនោះ មេបញ្ជាកម្ពុជា ថៃក៏បានដោះស្រាយដោយសន្តិវិធី ហើយនាពេលនេះ ស្ថានភាពនៅប្រាសាទតាមាន់ធំមានសភាពស្ងប់ស្ងាត់ជាធម្មតា មិនប៉ះពាល់ទៅដល់ការទៅទស្សនារបស់ពលរដ្ឋឡើយ។ អ្នកនាំពាក្យរូបនេះ បានអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ ដែលទៅទស្សនាប្រាសាទ រក្សានូវភាពអត់ធ្មត់ ការអត់ឱន សេចក្តីថ្លៃថ្នូរ និងការគោរពគ្នាទៅវិញទៅមក ដើម្បីធានាបរិយាកាសអំណោយផលដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងទំនាក់ទំនងមិត្តជិតខាងល្អ។
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed