អ្នកតាមដានកិច្ចការសង្គម៖ ពលរដ្ឋខ្មែរ គួរតែឈប់ប្រើទំនិញថៃ និងឈប់ចាយប្រាក់បាត

ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អ្នកតាមកិច្ចការសង្គមបានបញ្ចេញទស្សនថា ប្រជាពលរដ្ឋខ្មែរទាំងប្រុស-ទាំងស្រី និងចាស់-ក្មេង គួរតែបញ្ឈប់ការប្រើប្រាស់មុខទំនិញថៃ និងបញ្ឈប់ចាយវាយប្រាក់បាតថៃបន្តទៀត ព្រោះគ្មានផលប្រយោជន៍អ្វីនោះទេ។ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥សម្តេចតេជោ ហ៊ុន សែនប្រមុខរដ្ឋស្តីទី បានផ្ញើតាមបណ្តាញសង្គមហ្វេសប៊ុកប្រាប់ឲ្យប្រជាពលរដ្ឋប្រញាប់ទៅដូរប្រាក់បាតយកប្រាក់រៀលឬដុល្លារ និងឈប់ប្រើប្រាស់ទំនិញរបស់ថៃ បើសិនជាមិនចូលចិត្តភាគីថៃ ។ ការមានប្រសាសន៍របស់សម្តេចតេជោ ក្រោយពីថៃបានបង្ហាញទង្វើអមនុស្សធម៌ យករូបសម្តេចធ្វើជាផ្ទាំងស៊ីបបាញ់យករង្វាន់ ។ លោកបណ្ឌិត យង់ ពៅតាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថ្លែងថា នេះជារឿងត្រឹមត្រូវបំផុត ព្រោះក្នុងនាមកម្ពុជាជាប្រទេសប្រជាធិបតេយ្យមួយគួរតែចំណាយទៅលើអ្វីត្រូវប្រើប្រាស់ប្រាក់រៀលដែលជារបស់ខ្លួនឯង ជាពិសេសពលរដ្ឋនៅតាមបណ្តាជាយដែនកម្ពុជា-ថៃ ខណៈថៃបច្ចុប្បន្ននៅតែចិញ្ចឹមចិត្តរុកគួនធ្វើទុក្ខបុក្ខម្នេញសព្វបែបយ៉ាងក្នុងគោលដៅមិនឲ្យរស់នៅសុខស្រួល ។ ដូច្នេះសមល្មមដែលប្រជាពលរដ្ឋកម្ពុជាមួយចំនួនយល់ឃើញថា ថៃបានធ្វើបាបកម្ពុជាហើយ ហេតុអ្វីនាំគ្នាប្រើប្រាស់មុខទំនិញនិងចាយលុយថៃទៀត?។ លោកបណ្ឌិតបន្តថា “គួរតែឈប់ប្រើតែម្តង ឈប់ប្រើ ឈប់ចាយតែម្តងនូវក្រដាសប្រាក់បាតនេះ ប៉ុន្តែការឈប់នេះមិនមែនឲ្យបងប្អូនខាតបង់ភ្លាមៗនោះទេ យើងគួរតែជាបណ្តើរៗគឺយើងរំលស់ប្រាក់នោះចេញ ហើយឈប់ដូរមកចាយទៀត គឺយើងព្យាយាមចាយលុយរៀលរបស់យើង ដើម្បីកុំឲ្យលុយប្រទេសដែលឈ្លានពានយើង ធ្វើទុក្ខបុកម្នេញយើង បន្តគាំទ្រ” ។ ចំពោះមុខទំនិញវិញលោកបណ្ឌិតសង្កត់ធ្ងន់ថា ត្រូវនាំគ្នាពហិកាឈប់ប្រើដោយងាកមក គាំទ្រផលិតផលក្នុងស្រុកវិញល្អជាង ទោះបីជាគុណភាពខុសគ្នាក៏ដោយ ក៏ត្រូវគាំទ្រដល់ម្ចាស់សហគ្រាសផលិតផលខ្មែរ ឲ្យមានកំលាំងចិត្តបង្កើនការផលិតដើម្បីជួយដល់សេដ្ឋកិច្ចជាតិ ៕