ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ធ្វើបទបង្ហាញពីបច្ចុប្បន្នភាពការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ទៅអនុព័ន្ធយោធាបរទេស១២ប្រទេស

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា(MACPP) សរុបចំនួន១២ប្រទេស អំពីបច្ចុប្បន្នភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួរ ។ ក្នុងបទបង្ហាញនេះ រដ្ឋលេខាធិការ បានលើកឡើងអំពីបច្ចុប្បន្នភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងឡើងវិញនូវទំនុកចិត្ត សន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ។ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ក៏បានគូសបញ្ជាក់អំពីវិស័យអាទិភាពមួយចំនួន ដែលបានព្រមព្រៀងគ្នាក្រោមសេចក្តីថ្លែងការណ៍រួម ព្រមទាំងបានសង្កត់ធ្ងន់អំពីការអនុវត្តដោយស្មោះត្រង់របស់កម្ពុជាចំពោះការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនដើម្បីធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ដើម្បីផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ ឈានដល់ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស៕