ក្រុមអ្នកសង្កេតការណ៍អាស៊ាន មកសួរសុខទុក្ខជនភៀសសឹក របស់អ្នកភូមិព្រៃចាន់

ភ្នំពេញ ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅវេលាម៉ោង ១២និង១២នាទីថ្ងៃត្រង់នេះ បានអញ្ជើញមកដល់មណ្ឌលជនភៀសសឹករបស់អ្នកភូមិព្រៃចាន់ ដែលបានភៀសខ្លួនមករកកន្លែងជម្រកសុវត្ថិភាព នៅក្នុងវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ការមកដល់របស់ពួកគាត់នេះ ដើម្បីសាកសួរសុខទុក្ខ និងពិនិត្យស្ថានភាពជាក់ស្តែង ការស្នាក់នៅរបស់ប្រជាពលរដ្ឋភៀសសឹក បន្ទាប់ពីហេតុការណ៍យោធាថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាដោយគ្មានមូលហេតុកាលពីថ្ងៃ១២ វិច្ឆិកា ។ នេះបើតាលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។ សូមជម្រាបផងដែរថា នៅព្រឹកនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏បានចុះទៅដល់មន្ទីរពេទ្យកម្ពុជា-ជប៉ុនមង្គលបុរី ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យប្រជាជនស៊ីវិលកម្ពុជាដែលត្រូវបានរងរបួសដោយសារការបាញ់ប្រហាររបស់យោធាថៃ និងបានចុះទៅពិនិត្យ សង្កេតការណ៍ ផ្ទៀងផ្ទាត់ នៅទីតាំងកើតហេតុដោយផ្ទាល់ ដើម្បីធ្វើការរាយការណ៍ អំពីហេតុការណ៍ដែលយោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ដោយគ្មានមូលហេតុ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជារងរបួសធ្ងន់ ស្រាលចំនួន៣រូប និងបាត់បង់ជីវិតនៅនឹងកន្លែងចំនួន ១រូប៕