លោក ប៉ែន បូណា ៖ ថៃត្រូវតែទទួលខុសត្រូវទង្វើខ្លួន ដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មលើកម្ពុជា

ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណាបានថ្លែងសង្កត់ធ្ងន់ទៅមេដឹកនាំថៃថា ត្រូវតែទទួលខុសត្រូវ ចំពោះទង្វើរបស់ខ្លួន ដែលបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម សង្គ្រាមលើកម្ពុជា និងប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៦ លោក ប៉ែន បូណា មានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំកម្ពុជា តាមរយៈកិច្ចសន្ទនាការទូត រួមនឹងសម្រែកថ្កោលទោស និងការទាមទាររបស់សង្ឃ មន្ត្រីរាជការ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី ដើម្បីទាមទារសន្តិភាព និងទាមទារឱ្យថៃ បញ្ឈប់អំពើឈ្លានពានយ៉ាងព្រៃផ្សៃ មកលើកម្ពុជា កំពុងទាក់ទាញការចាប់អារម្មណ៍ នៅជុំវិញពិពភលោក។ លោកបន្តថា “នេះជាសញ្ញាបញ្ជាក់ថា យុត្តិធម៌ចំពោះកម្ពុជា និងប្រជាពលរដ្ឋខ្មែរត្រូវតែមាន ហើយអ្នកប្រព្រឹត្តឧក្រិដ្ឋកម្មលើប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ត្រូវតែទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន” ។ អ្នកនាំពាក្យបន្ថែមថា ដូច្នេះ ការថែរក្សានិងពង្រឹងស្មារតីសាមគ្គីភាពដ៏រឹងមាំ និងជំនឿជឿជាក់លើរាជរដ្ឋាភិបាល និងលើវីរកងទ័ព ដ៏អង់អាចក្លាហានរបស់កម្ពុជា គឺជាកម្លាំងស្នូលដ៏រឹងមាំ របស់ជាតិខ្មែរ ដើម្បីការពារបូរណភាពទឹកដីប្រឆាំងជាមួយសត្រូវឈ្លានពាន៕