នាវាកងទ័ពជើងទឹកអាមេរិក បានចាកចេញពីកំពង់ផែមូលដ្ឋានសមុទ្ររាម
ភ្នំពេញ ៖ នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក USS CINCINNATI (LCS 20) ដែលបានបញ្ចប់ធ្វើទស្សនកិច្ចរយៈពេល៥ថ្ងៃនៅកម្ពុជានោះ បានចាកចេញពីកំពង់ផែមូលដ្ឋានសមុទ្ររាម នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ។ នាវានេះ ដឹកនាំដោយនាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក សម្រាប់បំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២៤-២៨ ខែមករា ឆ្នាំ២០២៦។ ក្នុងដំណើរទស្សនកិច្ចនេះ ផ្តោតសំខាន់លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជា-អាមេរិក ។ នាយឧត្តមនាវី Samuel Paparo ក៏ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិ អនុញ្ញាតចូលជួបសម្តែងការគួរសមផងដែរ។ ក្នុងជំនួបជាមួយសម្តេចធិបតី នាយឧត្តមនាវីបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកចូលចតនៅមូលដ្ឋានសមុទ្ររាម ដែលនេះជាសក្ខីភាពឆ្លុះបញ្ចាំងពីការពង្រឹងទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។ ចំណែកសម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យយោធារវាងប្រទេសទាំងពីរ នាពេលកន្លងមក និងបានគូសបញ្ជាក់ថា ការចូលចតនៃនាវាជើងទឹកសហរដ្ឋអាមេរិកនៅកម្ពុជាជាលើកទី២នេះ គឺជាលទ្ធផលជាក់ស្តែងនៃទំនាក់ទំនងទ្វេភាគីដែលកំពុងរីកចម្រើន។ សម្តេចធិបតីមានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀត៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed