ក្រសួងមហាផ្ទៃ នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទទួលពាក្យបណ្តឹងអនឡាញ ជូនសាធារណជនទូទៅ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទទួលពាក្យបណ្តឹងអនឡាញជូនសាធារណជនទូទៅ ហៅជាភាសាអង់គ្លេស «Complaint Submission System (CSS)»។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការជួយពន្លឿននីតិវិធី ដោះស្រាយ និងឆ្លើយតបជូនប្រជាពលរដ្ឋបានឆាប់រហ័ស សំដៅដល់ការដោះស្រាយបណ្តឹងតវ៉ា និងបណ្តឹងបរិហារបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធសមត្ថកិច្ច និងសកម្មភាពរបស់មន្ត្រីរាជការក្របខ័ណ្ឌក្រសួងមហាផ្ទៃ និងដើម្បីអង្កេតស្រាវជ្រាវ ស្វែងរកយុត្តិធម៌ ភាពស្អាតស្អំជូនភាគីពាក់ព័ន្ធ ក្រសួងមហាផ្ទៃ នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទទួលពាក្យបណ្តឹងអនឡាញជូនសាធារណជនទូទៅ ហៅជាភាសាអង់គ្លេស «Complaint Submission System (CSS)» ដោយកំណត់តំណភ្ជាប់ចូលទៅ កាន់គេហទំព័រ https://css-gdin.interior.gov.kh/home។ ក្រសួង បន្ដថា សាធារណជន អាចដាក់ពាក្យបណ្តឹងតវ៉ា និងបណ្តឹងបរិហារ ក្នុងប្រព័ន្ធទទួលពាក្យបណ្តឹងអនឡាញ តាមតំណរភ្ជាប់ខាងលើដោយបំពេញព័ត៌មានតាមទម្រង់ដែលបានកំណត់ក្នុងប្រព័ន្ធ ឬអាចទាញយកឯកសារ សម្រាប់បំពេញពាក្យបណ្តឹងតាមទម្រង់ជាក្រដាស និងធ្វើការទំនាក់ទំនងតាមលេខទូរសព្ទដែលមានក្នុងប្រព័ន្ធ ដើម្បីដាក់បណ្តឹងរបស់ខ្លួន៕