បណ្តាអង្គទូត-ទីភ្នាក់ងារបរទេស ចុះពិនិត្យការរាយបន្លាលួស និងដាក់ទូកុងតឺន័រ របស់យោធាថៃ នៅភូមិជោគជ័យ និងព្រៃចាន់

ភ្នំពេញ ៖ បណ្តាអង្គទូត និងទីភ្នាក់ងារបរទេសប្រចាំកម្ពុជាបានអញ្ជើញចុះពិនិត្យមើលការរំលោភបំពាន របស់កងកម្លាំងថៃ តាមរយៈការរាយបន្លាលួស និងដាក់ទូកុងតឺន័រ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។ នេះបើតាមការផ្សាយរបស់AKP ។ការចុះទៅនេះ ក្រោមការដឹកនាំរបស់លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអមដំណើរដោយថ្នាក់ដឹកនាំរដ្ឋបាល ខេត្តបន្ទាយមានជ័យ ។ ការអញ្ជើញទៅដល់ទីតាំងជាក់ស្តែង របស់បណ្តាអង្គទូត និងទីភ្នាក់ងារបរទេស ប្រចាំកម្ពុជា នេះ ដើម្បីបង្ហាញឱ្យឃើញកាន់តែច្បាស់ ពីសកម្មភាពរំលោភបំពាន និងខុសច្បាប់អន្តរជាតិ របស់កងកម្លាំងថៃ មកលើដែន អធិបតេយ្យភាពកម្ពុជា។ សូមបញ្ជាក់ថា យោធាថៃ នៅតែបន្តរំលោភបំពានកម្ពុជា តាមរយៈការរាយបន្លាលួស ដាក់ទូកុងតឺន័រ និងបំផ្លាញផ្ទះប្រជាពលរដ្ឋ៕