សម្តេចធិបតី ៖ យុទ្ធនាការបង្រ្កាបការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ឬ Scam Online មិនមែនជាសកម្មភាពធ្វើឱ្យល្អមើល ឬធ្វើត្រឹមពិធីបុណ្យ ចូលឆ្នាំខ្មែរឡើយ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា យុទ្ធនាការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Scam Online មិនមែនជាសកម្មភាពដែលធ្វើឱ្យល្អមើល ឬធ្វើត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរ ដូចមតិមួយចំនួនបានលើកឡើងនោះឡើយ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាតំបន់និងសកលដែលមានលក្ខណៈស្មុគស្មាញនិងប្រទាក់ក្រឡាគ្នា ហើយកម្ពុជាជាអ្នករងគ្រោះ និងត្រូវខូចឈ្មោះលើឆាកអន្តរជាតិ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ដូច្នេះ យុទ្ធនាការបង្រ្កាបការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ឬ Scam Online មិនមែនជាសកម្មភាព ដែលធ្វើឱ្យល្អមើល ឬធ្វើត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរ ដូចមតិមួយចំនួនបានលើកឡើងនោះឡើយ ប៉ុន្តែនេះគឺជាឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតផ្ទះរបស់ខ្លួនឱ្យបានស្អាត ពីព្រោះបញ្ហានេះបានប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ និងសេដ្ឋកិច្ចសង្គមកម្ពុជា»។ សម្ដេចធិបតី បន្ដថា ដូច្នេះរាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះយ៉ាងម៉ឺងម៉ាត់ ដោយមិនលើកលែងនិងមិនថយក្រោយជាដាច់ខាត៕