ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ការផ្តល់ជម្រកបណ្តោះអាសន្នដល់ជនភៀសសឹក មិនមែនមានន័យថា «រាជរដ្ឋាភិបាល បោះបង់សិទ្ធិទាមទារទឹកដីនោះឡើយ»។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីបន្តយកចិត្តទុកដាក់ចំពោះជនភៀសសឹកទាំងអ្នកដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញ ទាំងអ្នកនៅមិនទាន់អាចវិលត្រឡប់ទៅវិញ ដោយត្រូវគិតគូរទាំងផ្នែកជីវភាព និងហេដ្ឋារចនាសម្ព័ន្ធនានាដែលជាតម្រូវការចាំបាច់របស់ពួកគាត់។ សម្តេចធិបតី បានបញ្ជាក់ឡើងវិញថា «ការផ្តល់ជម្រកបណ្តោះអាសន្នដល់ជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន គឺជាការគិតគូរពីសុខទុក្ខរបស់ពួកគាត់ទាំងបរិស្ថាន និងសុខុមាលភាព តែមិនមែនមានន័យថា រាជរដ្ឋាភិបាល បោះបង់សិទ្ធិទាមទារទឹកដីនោះឡើយ»។ រាជរដ្ឋាភិបាល មានជំហរម៉ឺងម៉ាត់ និងដាច់ខាតក្នុងការការពារបូរណភាពទឹកដី ហើយបាននិងកំពុងធ្វើការងារនេះយ៉ាងសកម្មតាមយន្តការការទូតដោយសន្តិវិធី៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed