ទូតចិន ៖ ស្ពាន និងផ្លូវថ្នល់ សាងសង់ឡើង ដោយប្រទេសចិន នៅកម្ពុជា បន្តពង្រីកឥតឈប់ឈរ

ភ្នំពេញ ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានឱ្យដឹងថា ស្ពាន និងផ្លូវថ្នល់ ដែលសាងសង់ឡើង ដោយប្រទេសចិន នៅប្រទេសកម្ពុជា នៅតែបន្តពង្រីកឥតឈប់ឈរ ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ លោក ឯកអគ្គរដ្ឋទូតចិន បានអបអរសាទរ យ៉ាងកក់ក្តៅ ចំពោះការដាក់ឱ្យប្រជាពលរដ្ឋ ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គ ក្រចេះ។ លោក ឯកអគ្គរដ្ឋទូតចិន បន្ដថា នេះគឺជាស្ពានវែងបំផុត ដែលសាងសង់ឡើង ដោយប្រទេសចិននៅកម្ពុជា និងជាសមិទ្ធផលថ្មីដែលចិន និងកម្ពុជាឣនុវត្តរួមគ្នានូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ វានឹងក្លាយជាស្ពានដ៏សំខាន់មួយដែលតភ្ជាប់ផ្លូវជាតិ លេខ ៦ និង ៧ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចនៅតំបន់ភាគឦសាន និងភាគកណ្តាល-ខាងលិចនៃប្រទេសកម្ពុជា។ លោក ឯកអគ្គរដ្ឋទូតចិន បានគូសបញ្ជាក់ថា «ស្ពាន និងផ្លូវថ្នល់ដែលសាងសង់ឡើង ដោយប្រទេសចិន នៅកម្ពុជានៅតែបន្តពង្រីកឥតឈប់ឈរ។ ការអភិវឌ្ឍរបស់ប្រទេសកម្ពុជានៅតែបន្តឆ្ពោះទៅមុខឥតឈប់ឈរ។ ស៊ូៗ កម្ពុជា»៕