ភ្នំពេញ ៖ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណាបានអះអាងថា ទោះក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំ ក៏រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា មិនភ្លេចកាតព្វកិច្ច «ការពារបូរណភាពទឹកដី និងប្រជាជន» ដែលជាអាទិភាពខ្ពស់បំផុត របស់ខ្លួនឡើយ។ លោកបន្តថា ការងារការទូតសកម្ម នៅតែដំណើរការឥតឈប់ឈរ នៅគ្រប់ស្ថាប័នកំពូលរបស់ជាតិ ទាំងក្នុងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ ក៏ដូចជាក្រសួង ស្ថាប័ន ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល។ លោកបន្ថែមថា ទន្ទឹមនឹងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍សង្គម សេដ្ឋកិច្ចទៅវិញទៅមក ជាមួយដៃគូអន្តរជាតិ របៀបវារៈស្តីពីបញ្ហាព្រំដែន និងផលប៉ះពាល់លើជនភៀសសឹក និងជំហរចង់បានដំណោះស្រាយដោយសន្តិវិធី ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ តែងតែត្រូវបានលើកឡើង ដោយបញ្ជាក់ជំហរយ៉ាងច្បាស់ថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាត នូវការកែប្រែខ្សែព្រំដែន ដោយការប្រើកម្លាំងឡើយ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed