សម្ដេចធិបតី កោតសរសើរទូតតួកគីយ៉េ លើកកម្ពស់ទំនាក់ទំនងកម្ពុជា-តួកគីយ៉េ
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានកោតសរសើរ លោកស្រីឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគីយ៉េ ដែលបានលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-តួកគីយ៉េឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ ក្នុងឱកាសអនុញ្ញាតឱ្យ លោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ សម្ដេចធិបតីស្វាគមន៍ និងអបអរសាទរចំពោះជោគជ័យនៃបេសកកម្មការទូតរបស់លោកស្រីទូតនៅកម្ពុជា។ជាមួយគ្នានេះ សម្ដេចធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់លោកជំទាវ ក្នុងការលើកកម្ពស់ ទំនាក់ទំនងទ្វេភាគីកម្ពុជា-តួកគីយ៉េ ឱ្យមានភាពរឹងមាំ និងទទួលបានផ្លែផ្កាជាវិជ្ជមាន។ បន្ថែមពីលើនេះ សម្ដេចធិបតីបានឯកភាព ចំពោះការលើកឡើងរបស់លោកជំទាវ អំពីកាលានុវត្តភាព និងសក្ដានុពលនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យនានា ដែលនឹងចូលរួមចំណែកបន្ថែមទៀត ក្នុងការបន្តពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។ សម្រាប់លោកស្រីក៏បានសង្កត់ធ្ងន់ថា កម្ពុជា និងតួកគីយ៉េ នៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលអាចពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយគ្នាឱ្យកាន់តែស៊ីជម្រៅ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed