រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ កាតព្វកិច្ចយោធា ដោយឥតកែប្រែ

ភ្នំពេញ ៖ រដ្ឋសភាបានអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធាជាឯកឆន្ទ​ ដោយសំឡេងគាំទ្រ ១១៤លើ១១៤សំឡេង ។ ការអនុម័តនេះ ធ្វើឡើង ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ នៅព្រឹកថ្ងៃ១២ ឧសភា ។ សេចក្តីព្រាងច្បាប់នេះ មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីអនុវត្ត មាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា ។ សូមបញ្ជាក់ថា កម្ពុជា មានច្បាប់ ស្តីពីកាតព្វកិច្ចយោធាម្តងរួចមកហើយ កាលពីឆ្នាំ២០០៦ និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធ ផ្សេងទៀត ប៉ុន្តែរាជរដ្ឋាភិបាលអះអាងថា ច្បាប់ស្តីពីកាតព្វកិច្ចយោធា ឆ្នាំ២០០៦នេះ មិនទាន់គ្របដណ្តប់គ្រប់ជ្រុង ជ្រោយក្នុងពេលបច្ចុប្បន្ន និងអនាគត ដែលតម្រូវឱ្យមានការរៀបចំច្បាប់នេះជាថ្មីឡើងវិញ៕