សម្តេចតេជោ ៖ សម្តេចព្រះមហាក្សត្រី លើកស្ទួយសុខសន្តិភាព សម្រាប់ជាតិ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាមានប្រសាសន៍ថា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានបំពេញព្រះរាជកិច្ច ដើម្បីលើកស្ទួយសុខសន្តិភាព សុភមង្គល និងសេចក្តីរីកចម្រើនចំពោះជាតិ និងប្រជារាស្ត្រ។ ក្នុងឱកាសសម្តេចក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់៩០យាងចូល ៩១ព្រះវស្សា សម្តេចតេជោ ក្រាបបង្គំទូលថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទ្រង់មានព្រះរាជកាយពលមាំមួន ព្រះរាជបញ្ញាបញ្ញាណភ្លឺថ្លា ត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូរ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ ដល់ប្រជារាស្ត្រខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា ។ សម្តេចតេជោមានប្រសាសន៍ថា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គឺជាព្រះវររាជកល្យាណីដ៏ឧត្តុង្គឧត្តម និងជាព្រះមហាក្សត្រីប្រកបដោយព្រះបញ្ញាញាណដ៏ភ្លឺស្វាង ដែលបានបំពេញព្រះរាជកិច្ច ដើម្បីលើកស្ទួយសុខសន្តិភាព សុភមង្គល និងសេចក្តីរីកចម្រើនចំពោះជាតិ និងប្រជារាស្ត្រ ។ សម្តេចប្រមុខរដ្ឋបន្តថា ជាពិសេស ព្រះរាជហឫទ័យទុកដាក់ខ្ពស់របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចំពោះស្ថានភាពជីវភាព និងសុខទុក្ខរបស់ប្រជារាស្ត្រ ខ្មែរទូទាំងប្រទេស ត្រូវបានឆ្លុះបញ្ចាំង តាមរយៈព្រះរាជសកម្មភាព មនុស្សធម៌ដ៏កក់ក្តៅបំផុត នៅគ្រប់កាលៈទេសៈ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed