ក្រសួងធនធានទឹក ណែនាំឱ្យរួមគ្នារក្សាទឹក ឱ្យបានច្រើននៅពាក់កណ្តាល និងចុងរដូវវស្សាឆ្នាំ២០២៦

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យរួមគ្នារក្សាទឹកឱ្យបានច្រើននៅពាក់កណ្តាល និងចុងរដូវវស្សាឆ្នាំ២០២៦ ដើម្បីត្រៀមបង្ការ ការខ្វះខាតទឹកនៅរដូវប្រាំង ខាងមុខ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុលើកទី២ សម្រាប់រដូវវស្សាចាប់ពីខែកក្កដា ដល់ខែតុលា ឆ្នាំ២០២៦ ចេញផ្សាយដោយ ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។ បើតាមសេចក្ដីជូនដំណឹង, ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន ចំពោះអាកាសធាតុដែលមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានច្រើន នៅក្នុងឆ្នាំ២០២៦ និងចាត់វិធានការរក្សាទឹកឱ្យបានច្រើននៅពាក់កណ្តាល និងចុងរដូវវស្សានេះ ដើម្បីត្រៀមបង្ការការខ្វះខាតទឹកនៅរដូវប្រាំងខាងមុខ។