កម្ពុជា-អាមេរិក ចុះកិច្ចព្រមព្រៀង បើកចំហជើងមេឃដឹកជញ្ជូនតាមផ្លូវអាកាស

ភ្នំពេញ ៖ កម្ពុជា-អាមេរិក បានចុះចុះហត្ថលេខាលើកិច្ចព្រមព្រៀង បើកចំហជើងមេឃដឹកជញ្ជូនតាមផ្លូវអាកាសជាលើកដំបូង ។ យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះបានឱ្យដឹងថា នារសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅក្រសួងការបរទេស ទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង បើកចំហជើងមេឃដឹកជញ្ជូនតាមផ្លូវអាកាស ជាមួយ លោក Cristopher Landau អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ។ ការចុះហត្ថលេខានេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាកាសចរណ៍ទ្វេភាគី របស់ប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងដឹកជញ្ជូន តាមផ្លូវអាកាសទ្វេភាគីលើកដំបូង រវាងប្រទេសទាំងពីរ ដែលនឹងនាំមកនូវការទំនាក់ទំនងដឹកជញ្ជូនតាមផ្លូវអាកាសរវាងកម្ពុជា និង អាមេរិក ដែលឈានទៅរកស្តង់ដាទំនើបខ្ពស់បំផុត ៕