ព្រះសីហនុ៖ នាវាល្បាតរបស់អង់គ្លេស HMS Tamar នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ បានចូលសំចតនៅមូលដ្ឋានសមុទ្ររាមរយៈពេល៨ថ្ងៃ ដោយចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងទ័ពជើងទឹកកម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានឱ្យដឹងថា វត្តមានរបស់ នាវា HMS Tamar ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបើកចំហនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងកងទ័ពជើងទឹកព្រីតថេន និងកងយោធពលខេមរភូមិន្ទ។ ស្ថានទូតបញ្ជាក់បន្ថែមថា «ដំណើរទស្សនកិច្ចនេះក៏ទទួលស្គាល់សិទ្ធិ អធិបតេយ្យភាពរបស់កម្ពុជា ក្នុងការបន្តទំនាក់ទំនងការពារជាតិចម្រុះនិងមាន តុល្យភាពជាមួយដៃគូនៅទូទាំងតំបន់ និងលើសពីនេះ»។ សូមរំលឹកថា នាវាHMS Tamar បច្ចុប្បន្នជាប្រភេទ នាវាតល្បាតសមុទ្រ នៃកងទ័ពជើងទឹកភូមិន្ទអង់គ្លេស ដោយមានប្រវែងជាង៩០ម៉ែត្រ ទទឹងជាង១៣ម៉ែត្រ ជម្រៅទឹកជាង៤ម៉ែត្រ មានទម្ងន់ទំហំផ្លាស់ ទីប្រមាណពីរពាន់តោន ដោយមានល្បឿនប្រមាណ៤៦គីឡូម៉ែត្រក្នុងមួយម៉ោង ក្រុមនាវិកប្រមាណ៥៨ ទៅ៦០នាក់ និងអាចផ្ទុកទាហានបន្ថែមបាន៥០នាក់ថែមទៀតផងដែរ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed