លោក ប៉ែន បូណា ៖ បេសកកម្មសង្កេតការណ៍ តាមព្រំដែនកម្ពុជា-ថៃ នៅតែបន្តធ្វើឥតដាច់

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណាបានលើកឡើងថា បេសកកម្មសង្កេតការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតែបន្តធ្វើឥតដាច់ តាមរយៈក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយប្រធានបេសកកម្មហ្វីលីពីន ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាព ព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាថ្លែងថា ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ បានបន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាព តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័ររបស់យោធាថៃដើម្បីកាន់កាប់ដោយខុសច្បាប់ នៅទីតាំងចំនួន១៤ ដែលមានទូកុងតឺន័រ សរុបចំនួន៤៤ទូរ ស្ថិតនៅចំណុចតំបន់ច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ លោកបន្តថា សកម្មភាពរបស់យោធាថៃបានរារាំងប្រជាពលរដ្ឋស៊ីវិលជិត ៨ពាន់នាក់ ឬជាង ១ ៨០០គ្រួសារ ក្នុងនោះមានកុមារជិត ២ពាន់នាក់ មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ ។ លោកថា នេះគឺជាបេសកកម្មថ្មីទៀត​​ និងជាបន្តបន្ទាប់ឥតដាច់ របស់ក្រុមអ្នកសង្កេតការអាស៊ានប្រចាំកម្ពុជា ក្រោយពីបានចុះសង្កេតការណ៍ នៅទីតាំងជាច្រើននៅតាមបណ្តោយព្រំដែន ដែលកងកម្លាំងថៃបានបំពានកាន់កាប់ដោយខុសច្បាប់៕