រដ្ឋមន្ត្រីអង់គ្លេស អំពាវនាវឱ្យមានកិច្ចសន្ទនាសន្តិវិធីក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ ៖ លោកស្រី Rosie Winterton រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនៃចក្រភពអង់គ្លេស អំពាវនាវឱ្យមានកិច្ចសន្ទនាដោយសន្តិវិធី ក្នុងអំឡុងទស្សនកិច្ចនៅតំបន់ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦បានឱ្យដឹងថា លោកស្រី Rosie Winterton អញ្ជើញមកបំពេញទស្សនកិច្ចក្រៅប្រទេសលើកដំបូងនៅកម្ពុជា ។ រដ្ឋមន្ត្រីនឹងធ្វើដំណើរទៅកាន់ខេត្តឧត្តរមានជ័យ និងសៀមរាប ភាគខាងជើងប្រទេសកម្ពុជា ដែលអង់គ្លេសកំពុងធ្វើការជាដៃគូជាមួយអង្គការកម្ពុជា ដើម្បីគាំទ្រសហគមន៍មូលដ្ឋាន ស្របតាមវិធីសាស្ត្រ អភិវឌ្ឍន៍ទំនើបរបស់រដ្ឋមន្ត្រីចក្រភពអង់គ្លេស ។ ក្នុងការចុះទស្សនកិច្ចនៅឃុំកោកប្រាសាទ លោកជំទាវនឹងបានឃើញដោយផ្ទាល់ពីរបៀបដែលការគាំទ្ររបស់អង់គ្លេស ជួយកុមារដែលរងផលប៉ះពាល់ដោយជម្លោះថ្មីៗរវាងថៃ និងកម្ពុជា ឱ្យបន្តការ សិក្សា និងកសាងជីវិតឡើងវិញ។ ទស្សនកិច្ចនេះ ក៏នឹងគូសបញ្ជាក់ពីការគាំទ្រយ៉ាងមុតមាំរបស់អង់គ្លេសចំពោះសន្តិភាពប្រកបដោយចីរភាព និងការអនុវត្តយ៉ាងពេញលេញនូវបទឈប់បាញ់ដែលបានព្រមព្រៀងគ្នានៅខែធ្នូ ឆ្នាំ២០២៥។ រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនៃអង់គ្លេសមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់ជំទាវ ក្នុងនាមជារដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ី ហ្វិក លោកជំទាវបានឃើញពីរបៀបដែលការគាំទ្ររបស់អង់គ្លេសកំពុងជួយសហគមន៍នានាឱ្យងើបឡើងវិញពីជម្លោះ និងជួយដោះមីនដែលបង្កការគំរាមកំហែងដល់អាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ៕