ស្នងការភ្នំពេញ បំភ្លឺករណីចោទប្រកាន់សមត្ថកិច្ច ចាប់ខ្លួនបុរសម្នាក់ដោយគ្មានដីកា

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ បានចេញមកបំភ្លឺ ករណីផ្សព្វផ្សាយតាមបណ្តាញសង្គមចោទប្រកាន់ មកលើសមត្ថកិច្ចចុះចាប់ឃាត់ខ្លួនបុរសម្នាក់ ដោយអនុវត្តគ្មានដីការបស់តុលាការ ។ ចំពោះករណីនេះ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបំភ្លឺថា កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦វេលា ម៉ោង១៧និង ៣០នាទី កម្លាំងការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តដីកាបញ្ជាឱ្យធ្វើការឃាត់ខ្លួនបុរសឈ្មោះ ស្រស់ ថាវ័ន្ត ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ នៅមុខហាងកាត់សក់មួយកន្លែង ស្ថិតនៅផ្ទះលេខ២ ផ្លូវ៣៤២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ ដើម្បីសាកសួរពាក់ព័ន្ធករណីបើកបររថយន្ត បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកដទៃរងរបួស និងបើករថយន្តគេចវេសពីកន្លែងកើតហេតុ យកមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។ សេចក្តីបំភ្លឺបន្តថា ខណៈសមត្ថកិច្ចចុះអនុវត្តដីកាចំពោះបុរសខាងលើ ក៏មានការរារាំងតវ៉ាពីក្រុមគ្រួសាររបស់គាត់ បង្កបាតុភាពមិនល្អ លុះបន្ទាប់មកក៏មានវត្តមានលោកស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ បានចុះទៅដល់ទីតាំងកើតហេតុផ្ទាល់ ។ សេចក្តីបំភ្លឺបញ្ជាក់ថា ជាមួយគ្នានេះ ដោយមានការធានាពីសំណាក់មេធាវីនិងក្រុមគ្រួសារ ទើបលោកស្នងការរង បានអនុញ្ញាតឱ្យបុរសខាងលើទៅផ្ទះវិញ ដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ជាមួយនឹងការធានានឹងនាំបុរសឈ្មោះ ស្រស់ ថាវ័ន្ត មកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីធ្វើការសាកសួរ និងអនុវត្តតាមនីតិវិធីចំពោះមុខការងារជំនាញរបស់សមត្ថកិច្ច៕