ភ្នំពេញ ៖ លោក ឯម ច័ន្ទមករា អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា ជុំវិញការចោទប្រកាន់ មានការអនុវត្តខុសនីតិវិធី របស់មន្ត្រីតុលាការនៅសាលាដំបូងខេត្តស្ទឹងត្រែង ត្រូវបានបញ្ជូនទៅក្រុមប្រឹក្សាវិន័យ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានគូសបញ្ជាក់នៅថ្ងៃ១០ កញ្ញាថា ចំពោះករណីឈ្មោះ ស្លេះ ហ្វឺត និងឈ្មោះ ណុះ សូឡោះ ដែលបានលើកឡើង ជុំវិញការចោទប្រកាន់ថាមានការ អនុវត្តខុសនីតិវិធីរបស់មន្ត្រីតុលាការនៅសាលាដំបូងខេត្តស្ទឹងត្រែង, សាមីខ្លួនបានដាក់ពាក្យបណ្តឹង ផ្ទាល់មួយទៀតទៅកាន់ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ។ ចំពោះករណីនេះ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានសម្រេចបញ្ជូនករណីនេះ តាមនីតិវិធីជាធរមាន ទៅក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីពិនិត្យស្រាវជ្រាវឱ្យបានល្អិតល្អន់ និងចាត់ការជាសមត្ថកិច្ច ក្នុងករណីរកឃើញកំហុស ដោយអនុវត្តទៅតាមច្បាប់ និងនីតិវិធីក្នុងក្របខ័ណ្ឌនៃយន្តការវិន័យរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ អ្នកនាំពាក្យបន្តថា ក្រសួងយុត្តិធម៌ ក៏បានចាត់ក្រុមការងារចុះធ្វើការស្រាវជ្រាវបន្ថែមលើករណីនេះផងដែរ ហើយដែលលទ្ធផលនៃការចុះស្រាវជ្រាវនេះ នឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ដើម្បីជាមូលដ្ឋានបន្ថែម សម្រាប់ការធ្វើអធិការកិច្ចរបស់ក្រុមប្រឹក្សា វិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed