មេដឹកនាំមីយ៉ាន់ម៉ា គាំទ្រកម្ពុជាដោះស្រាយជម្លោះព្រំដែនជាមួយថៃដោយសន្តិវិធី
ភ្នំពេញ ៖ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែនប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា លោក មីន អោង ឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគោលជំហរកម្ពុជាលើការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងយន្តការដែលមានស្រាប់ ។ ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក មីន អោង ឡាំង ក្នុងឱកាសលោកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ភាគីទាំងពីរបានពិភាក្សាលើទំនាក់ទំនងរវាងប្រទេសទាំងពីរជាច្រើនវិស័យ ។ ក្នុងជំនួបនោះ សម្តេចតេជោក៏បានរំលេចឡើងវិញចំពោះជម្លោះព្រំដែនកម្ពុជា-ថៃដែលបានអូសបន្លាយប្រមាណជា២ឆ្នាំមកនេះ ដែលភាគីថៃនៅតែបន្តរំលោភបំពាន និងកាន់កាប់ទាំងកម្រោងមកលើបូរណភាពទឹកដីកម្ពុជាដោយខុសច្បាប់ ដែលពិភពលោកកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសកម្មភាពយ៉ាងគឃ្លើនរបស់ភាគីថៃ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានលើកឡើងក្រោយបញ្ចប់កិច្ចជំនួបថា សម្តេចតេជោបានពន្យល់ពីសារបានដែលភាគីបន្តរំលោភបំពានលើកម្ពុជារហូតមកដល់បច្ចុប្បន្នទោះបីជាមានបទឈប់បាញ់យ៉ាងណាក៏ដោយ ។ សម្តេចតេជោក៏បានលើកឡើងពីការដោះស្រាយជម្លោះព្រំដែននេះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងតវ៉ាដាច់ខាតចំពោះការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់ភាគីថៃ ។ អ្នកនាំពាក្យបញ្ជាក់ថា “ឯកឧត្តម មីន អោង ឡាំងពិតជាគាំទ្រយ៉ាងខ្លាំងចំពោះជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃដោយសន្តិវិធី ។លោកសង្ឃឹមថា ជម្លោះព្រំដែននេះនឹងអាចវិលមករកប្រក្រតីភាព ស្ថិរភាពនិងសន្តិភាពនៅតាមព្រំដែនជាមួយគ្នាឡើងវិញ”។ បើតាមលោក ជា ធីរិទ្ធ សម្រាប់វិវាទព្រំដែននៃប្រទេសទាំងពីរនេះ គ្មានមេដឹកនាំណាដែលមកបំពេញទស្សនកិច្ចនៅកម្ពុជាហើយ មើលរំលងលើការរំលោភបំពានពីសំណាក់ភាគីថៃលើកម្ពុជានោះទេ ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed