មេដឹកនាំមីយ៉ាន់ម៉ាចាត់ទុកកម្ពុជា ជាប្រទេសគំរូ លើការបង្រួបបង្រួមជាតិ និងស្តារប្រទេសឡើងវិញ

ភ្នំពេញ ៖ លោក មីន អោងឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានចាត់ទុកកម្ពុជា ជាប្រទេសគំរូដ៏សំខាន់មួយក្នុងតំបន់ លើការបង្រួបបង្រួមជាតិ និងការស្តារប្រទេសឡើងវិញ។ ការចាត់ទុកកម្ពុជាជាប្រទេសគំរូរបស់មេដឹកនាំមីយ៉ាន់ម៉ានេះ ក្នុងជំនួបជាមួយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នាថ្ងៃ១១ កញ្ញា ។ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីនេះ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់យ៉ាងច្បាស់អំពី «គុណតម្លៃនៃសន្តិភាព» ដោយសង្កត់ធ្ងន់ថា «សង្គ្រាមកើតឡើងមានតែអ្នកចាញ់ និងអ្នកចាញ់ប៉ុណ្ណោះ ហើយសង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានឡើយ»។ សម្តេចបានបន្ថែមថា ទោះបីជាបុរសជាអ្នកប្រយុទ្ធនៅសមរភូមិក្តី ប៉ុន្តែស្ត្រី និងកុមារ គឺជាជនរងគ្រោះធ្ងន់ធ្ងរជាងគេ ដែលត្រូវរ៉ាប់រងទុក្ខវេទនា ព្រមទាំងផលវិបាកក្រោយភ្លើងសង្គ្រាម ដូចជាការក្លាយជាស្ត្រីមេម៉ាយ និងកុមារកំព្រា។ អាស្រ័យហេតុនេះ មានតែយន្តការចរចាដោយសន្តិវិធី និងការឈរលើច្បាប់អន្តរជាតិប៉ុណ្ណោះ ទើបធានាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោក មីន អោងឡាំង បានឯកភាពទាំងស្រុងចំពោះទស្សនទានសន្តិភាពនេះ ព្រមទាំងបានចាត់ទុកកម្ពុជាជាប្រទេសគំរូដ៏សំខាន់មួយក្នុងតំបន់ លើការបង្រួបបង្រួមជាតិ និងការស្តារប្រទេសឡើងវិញ។ លោកក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់មីយ៉ាន់ម៉ា ក្នុងការខិតខំកសាងសន្តិភាព ស្ថិរភាពផ្ទៃក្នុង និងការចូលរួមចំណែកយ៉ាងសកម្មក្នុងសហគមន៍អាស៊ាន ដើម្បីសន្តិភាព និងវិបុលភាពរួមទូទាំងតំបន់៕