អ្នកនាំពាក្យ ៖ ការតវ៉ាករណីថៃកាន់កាប់ទឹកដីកម្ពុជាខុសច្បាប់មានសារៈសំខាន់មិនអាចខ្វះបាន
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ជាថ្មីថា ការតវ៉ាករណីភាគីថៃកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ពិតជាមានសារៈសំខាន់មិនអាចខ្វះបានដើម្បីបញ្ជាក់ពីភាពជាម្ចាស់ស្របច្បាប់របស់កម្ពុជានៅលើទីតាំងមួយចំនួន។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦លោក ប៉ែន បូណា ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការនិងយ៉ាងខ្លាំងក្លាជាថ្មីទៀត ប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធថៃ ដែលបានប្រើគ្រឿងចក្រធុនធ្ងន់ឈូសឆាយដី និងជីកប្រឡាយ នៅក្បែរបង្គោលព្រំដែនលេខ៩ នៃតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។ អ្នកនាំពាក្យបញ្ជាក់ថា “ការតវ៉ាពិតជាមានសារៈសំខាន់មិនអាចខ្វះបានដើម្បីបញ្ជាក់ពីភាពជាម្ចាស់ស្របច្បាប់របស់កម្ពុជានៅលើទីតាំងមួយចំនួន ដែលយោធាថៃដណ្តើមកាន់កាប់ដោយខុសច្បាប់អន្តរជាតិនៅតាមបណ្តាយព្រំដែន។ ការតវ៉ាផ្លូវការនេះ ក៏ជាឯកសារដែលមានតម្លៃគតិយុត្តដើម្បីប្រើប្រាស់ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាស្របតាមច្បាប់អន្តរជាតិជាធរមាន។ ការតវ៉ាផ្លូវការក៏មានសារៈសំខាន់ក្នុងការរក្សាអាជ្ញាយុកាលនៃការទាមទារទឹកដី រហូតទាល់តែមានដំណោះស្រាយជាស្ថាពរមួយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នាពេលអនាគត” ។ លោកថា ការណ៍នេះសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនយល់ព្រមជាដាច់ខាតចំពោះការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងយោធាថៃ។ អ្នកនាំពាក្យបន្ថែមថា ជំហរការពារទឹកដីដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលផ្ទុយស្រឡះពីការចោទប្រកាន់មួលបង្កាច់របស់ក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសដែលធ្វើនយោបាយបម្រើបរទេសឈ្លានពាន និងដែលកំពុងទទួលការថ្កោលទោសយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋគ្រប់ទិសទី៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed