នាវាកងទ័ពជើងទឹកកាណាដា ចូលចតនៅផែស្វយ័តក្រុងព្រះសីហនុ

ភ្នំពេញ ៖ នាវាចម្បាំងកងទ័ពជើងទឹកកាណាដា ឈ្មោះ HMCS Regina (FFH-334) បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ។ ក្នុងដំណើរធ្វើទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី២២-២៤ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹករនៃប្រទេសទាំងពីរ ។ លក្ខណៈបច្ចេកទេសនាវានេះ មានប្រវែង១៣៤,៧ម៉ែត្រ, ទទឹង ១៦,៥ម៉ែត្រ, ជម្រៅទឹក ៧,៥ម៉ែត្រ និងទម្ងន់ផ្ទុក៥ ១០០តោន។ការចូលចតធ្វើទស្សនកិច្ចនៅកម្ពុជា គណៈប្រតិភូនាវាកងទ័ពជើងទឹកប្រទេសកាណាដា មានគម្រោងចូលជួបសម្តែងការគួសមជាមួយលោកម៉ាង ស៊ីណេតអភិបាលខេត្តព្រះសីហនុ មេបញ្ជាការមូលដ្ឋានសមុទ្ររាម និងថ្នាក់ដឹកនាំក្រសួងការពារជាតិមួយចំនួនទៀត។ ទន្ទឹមនោះ ក៏មានកម្មវិធីលេងកីឡាមិត្តភាព រវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ព្រមទាំងមានកម្មវិធីចែករំលែក ផ្លាស់ប្ដូរបទពិសោធន៍រវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរផងដែរ។ សូមបញ្ជាក់ថា កាលពីដើមខែកញ្ញា ក៏មាននាវាចម្បាំងរុស្ស៊ីចំនួនមួយគ្រឿងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា និងនាវាកងទ័ពជើងទឹកឥណ្ឌាចូលចត នៅមូលដ្ឋានសមុទ្ររាម ចាប់ពីថ្ងៃទី១២-១៥ ខែកញ្ញា ឆ្នាំ២០២៦ ៕