អាជ្ញាធរក្រុងប៉ោយប៉ែត ចាប់បានក្រពើមួយក្បាល និងរកឃើញ ក្រពើងាប់មួយក្បាល អំឡុងពេលទឹកជំនន់ ព្រមទាំងព្រមាន ឱ្យពលរដ្ឋប្រុងប្រយ័ត្ន

បន្ទាយមានជ័យ ៖ កម្លាំងសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋ បានសហការគ្នា ចាប់បានសត្វក្រពើដ៏ធំមួយក្បាល និងរកឃើញ ក្រពើងាប់មួយក្បាល នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។ ការប្រទះឃើញសត្វក្រពើនេះ បានកើតឡើងក្នុងអំឡុងពេលដែលជំនន់ទឹកភ្លៀងបន្តលិចលង់នៅក្នុងតំបន់ ដោយសារលំហូរទឹកហូរធ្លាក់មកពីប្រទេសថៃ។ ក្រោយប្រតិបត្តិការ សមត្ថកិច្ច និងមន្ត្រីជំនាញបានដឹកជញ្ជូនសត្វក្រពើនេះ យកទៅរក្សាទុកនៅទីតាំងសុវត្ថិភាព ជាបណ្តោះអាសន្ន ដើម្បីចាត់វិធានការបន្តតាមនីតិវិធី។ ការអន្តរាគមន៍ទាន់ពេលវេលានេះ បានជួយកាត់បន្ថយហានិភ័យ និងធានាសុវត្ថិភាពជូនអ្នកភូមិក្នុងតំបន់រងគ្រោះ។ ជាមួយគ្នានេះ រដ្ឋបាលក្រុងប៉ោយប៉ែត បានអំពាវនាវឱ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងគ្រួសារ ព្រមទាំងបានរំលឹកដល់អាណាព្យាបាល ត្រូវហាមឃាត់កូនតូចៗ មិនឱ្យចុះលេងទឹកជាដាច់ខាត ដើម្បីជៀសវាងគ្រោះថ្នាក់លង់ទឹក ឬសត្វអសិរពិសផ្សេងៗ ៕ អត្ថបទ: ប៊ុន សំណាង/Dap News