Feature

ចប់ភ្ជុំបិណ្ឌ ! លោក អ៊ុំ រាត្រី ចុះជូនដំណើរពលរដ្ឋ វិលត្រឡប់ទៅភ្នំពេញ និងបណ្តាខេត្ត ដើម្បីបំពេញការងារវិញ

បន្ទាយមានជ័យ៖ បន្ទាប់ពីបានបញ្ចប់ការជួបជុំគ្រួសារយ៉ាងរីករាយក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារ ចុះជូនដំណើរបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ ដែលកំពុងត្រៀមធ្វើដំណើរចាកចេញពីខេត្ត វិលត្រលប់ទៅបំពេញការងារ និងប្រកបអាជីវកម្មនៅរាជធានីភ្នំពេញ ព្រមទាំងបណ្តាខេត្តនានាវិញ។

កំឡុងពេលចុះសួរសុខទុក្ខប្រជាពលរដ្ឋដោយផ្ទាល់ លោកអភិបាលខេត្ត បានគូសបញ្ជាក់យ៉ាងច្បាស់ៗ និងទាមទារឱ្យអ្នកបើកបរគ្រប់រូបត្រូវតែបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់បំផុត ព្រមទាំងគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ ដោយមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ឬល្មើសល្បឿនកំណត់ជាដាច់ខាត ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដែលស្ទើរតែអាចកើតមានឡើងគ្រប់វិនាទី។

សកម្មភាពចុះជួបប្រជាពលរដ្ឋដល់ទីកន្លែងរបស់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ មិនត្រឹមតែស្តែងឱ្យឃើញពីការបារម្ភ និងភាពជិតស្និទ្ធរវាងអាជ្ញាធរ និងរាស្ត្រប៉ុណោះទេ ប៉ុន្តែថែមទាំងជាវិធានការបង្ការ និងដាស់តឿនស្មារតីចរាចរណ៍ដ៏សំខាន់ ដើម្បីធានាថាគ្រប់បងប្អូនប្រជាពលរដ្ឋទាំងអស់អាចធ្វើដំណើរត្រលប់ទៅកាន់គោលដៅរៀងៗខ្លួនដោយសុវត្ថិភាព និងភាពកក់ក្តៅបំផុត៕

អត្ថបទ: ប៊ុន សំណាង/DapNews

To Top