ប្រមុខការទូត បញ្ជាក់នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ដោះស្រាយវិវាទ ដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ

ភ្នំពេញ ៖ លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះការដោះស្រាយវិវាទដោយសន្តិវិធី ការគោរពច្បាប់អន្តរជាតិ និងពង្រឹងពហុភាគីនិយម។ ការលើកឡើងរបស់លោក ប្រាក់ សុខុន នាឱកាសអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីអបអរសាទរ ទិវាអង្គការសហប្រជាជាតិ ឆ្នាំ២០២៦ដែលប្រារព្ធឡើងក្នុងឱកាសរំលឹកខួបលើកទី៧១ នៃភាពជាដៃគូរវាងកម្ពុជា និងអង្គការសហប្រជាជាតិ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ Raffles Le Royal នាទីក្រុងភ្នំពេញ។ ក្នុងសុន្ទរកថា លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះភាពជាដៃគូដ៏យូរអង្វែង និងការរួមចំណែកដ៏មានតម្លៃរបស់អង្គការសហប្រជាជាតិ ក្នុងការចូលរួមកសាងសន្តិភាព ការស្តារនិងកសាងកម្ពុជាឡើងវិញ ព្រមទាំងការចូលរួមចំណែកនៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការរួមចំណែករបស់កម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦ មក និងបានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះការដោះស្រាយវិវាទដោយសន្តិវិធី ការគោរពច្បាប់អន្តរជាតិ និងពង្រឹងពហុភាគីនិយម។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកមនុស្សធម៌ ជំរុញសកម្មភាពអាកាសធាតុ និងការចាកចេញដោយរលូន និងប្រកបដោយចីរភាពរបស់កម្ពុជា ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩ ខាងមុខ។ … Continue reading ប្រមុខការទូត បញ្ជាក់នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ដោះស្រាយវិវាទ ដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ