Feature

ព្រះរាជអាជ្ញា ចោទប្រកាន់លើឈ្មោះ សៅ លីឈីង ពីបទបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់ និងបទរត់គេចខ្លួន

ភ្នំពេញ ៖ ស្ថាប័នអយ្យការអមសាលាដំបូង បានសម្រេចចោទប្រកាន់ជាផ្លូវការ លើជនបង្កឈ្មោះ សៅ លីឈីង ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ ចរាចរណ៍ដ៏គួរឱ្យរន្ធត់ ដោយកំណត់បទល្មើសចំនួន ២ គឺបទបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់អ្នកដទៃ និងបទរត់គេចខ្លួន។

យោងតាមក្រមព្រហ្មទណ្ឌ និងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ជនសង្ស័យរូបនេះត្រូវប្រឈមមុខ នឹងការផ្តន្ទាទោសតាមផ្លូវច្បាប់សម្រាប់បទល្មើសនីមួយៗដូចខាងក្រោម ៖
បទទី១៖ បទបើកបរ បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ដល់ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ដល់ ៤លានរៀល។

បទទី២៖ បទរត់គេចខ្លួន បន្ទាប់ពីបង្កគ្រោះថ្នាក់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ដល់ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ដល់ ៤លានរៀល។

បច្ចុប្បន្ន សំណុំរឿងនេះត្រូវបានចាត់ការបន្ត តាមនីតិវិធីច្បាប់ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងចាត់វិធានការតឹងរ៉ឹង ចំពោះអ្នកដែលមិនគោរពច្បាប់ចរាចរណ៍ ក៏ដូចជាជនដែលព្យាយាមគេចវេស ពីការទទួលខុសត្រូវក្រោយពេលកើតហេតុ៕

To Top