រដ្ឋាភិបាលបារាំងដួលរលំ បន្ទាប់ពីនាយករដ្ឋមន្ត្រី ត្រូវសភាបោះឆ្នោត ដកសេចក្តីទុកចិត្តបានសម្រេច

បរទេស៖ រដ្ឋាភិបាលបារាំង បានដួលរលំ បន្ទាប់ពីនាយករដ្ឋមន្ត្រីបារាំងលោក Francois Bayrou បានចាញ់ការបោះឆ្នោត ដកសេចក្តីទុកចិត្តដ៏សំខាន់ នៅក្នុងសភាកាលពីថ្ងៃចន្ទ។ លោក Bayrou គឺជានាយករដ្ឋមន្ត្រីទីពីរជាប់គ្នា ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Emmanuel Macron ដែលត្រូវបានបណ្តេញចេញពីដំណែង ដែលធ្វើឲ្យប្រទេសជាតិធ្លាក់ទៅក្នុងភាព ចលាចលនយោបាយ និងសេដ្ឋកិច្ច។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា សេចក្តីស្នើដកសេចក្តីទុកចិត្ត​ក្នុង​រដ្ឋសភា​ទាមទារ​យ៉ាង​ហោច​ណាស់​២៨៨​សំឡេង​ទើប​អនុម័ត ។ សេចក្តីស្នើកាលពីថ្ងៃច័ន្ទទទួលបាន ៣៦៤សំឡេង ជាមួយនឹងក្រុមឆ្វេងនិយម New Popular Front និងស្តាំនិយមជ្រុល National Rally រួបរួមគ្នាក្នុងការប្រឆាំងដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នាអស់រយៈពេលជាច្រើន ខែជុំវិញថវិកាដ៏តឹងរ៉ឹងរបស់លោក Bayrou ។ ដោយពីមុនបានរួចផុត ពីការស្នើដកសេចក្តីទុកចិត្តចំនួនប្រាំបី លោក Bayrou បានហៅការបោះឆ្នោតនេះដោយខ្លួនឯង ក្នុងគោលបំណងធានា នូវការគាំទ្រសម្រាប់សំណើ ដែលព្យាករណ៍ថាមានប្រាក់សន្សំជិត ៥២ ពាន់លានដុល្លារ ដើម្បីបន្ធូរបន្ថយបន្ទុកបំណុលរបស់ប្រទេសបារាំង មុនពេលថវិកាត្រូវបានបង្ហាញ នៅក្នុងខែតុលា។ប្រែសម្រួលៈ ណៃ តុលា