ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលបារាំងដួលរលំ បន្ទាប់ពីនាយករដ្ឋមន្ត្រី ត្រូវសភាបោះឆ្នោត ដកសេចក្តីទុកចិត្តបានសម្រេច

RT News

បរទេស៖ រដ្ឋាភិបាលបារាំង បានដួលរលំ បន្ទាប់ពីនាយករដ្ឋមន្ត្រីបារាំងលោក Francois Bayrou បានចាញ់ការបោះឆ្នោត ដកសេចក្តីទុកចិត្តដ៏សំខាន់ នៅក្នុងសភាកាលពីថ្ងៃចន្ទ។ លោក Bayrou គឺជានាយករដ្ឋមន្ត្រីទីពីរជាប់គ្នា ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Emmanuel Macron ដែលត្រូវបានបណ្តេញចេញពីដំណែង ដែលធ្វើឲ្យប្រទេសជាតិធ្លាក់ទៅក្នុងភាព ចលាចលនយោបាយ និងសេដ្ឋកិច្ច។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា សេចក្តីស្នើដកសេចក្តីទុកចិត្ត​ក្នុង​រដ្ឋសភា​ទាមទារ​យ៉ាង​ហោច​ណាស់​២៨៨​សំឡេង​ទើប​អនុម័ត ។ សេចក្តីស្នើកាលពីថ្ងៃច័ន្ទទទួលបាន ៣៦៤សំឡេង ជាមួយនឹងក្រុមឆ្វេងនិយម New Popular Front និងស្តាំនិយមជ្រុល National Rally រួបរួមគ្នាក្នុងការប្រឆាំងដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នាអស់រយៈពេលជាច្រើន ខែជុំវិញថវិកាដ៏តឹងរ៉ឹងរបស់លោក Bayrou ។

ដោយពីមុនបានរួចផុត ពីការស្នើដកសេចក្តីទុកចិត្តចំនួនប្រាំបី លោក Bayrou បានហៅការបោះឆ្នោតនេះដោយខ្លួនឯង ក្នុងគោលបំណងធានា នូវការគាំទ្រសម្រាប់សំណើ ដែលព្យាករណ៍ថាមានប្រាក់សន្សំជិត ៥២ ពាន់លានដុល្លារ ដើម្បីបន្ធូរបន្ថយបន្ទុកបំណុលរបស់ប្រទេសបារាំង មុនពេលថវិកាត្រូវបានបង្ហាញ នៅក្នុងខែតុលា។
ប្រែសម្រួលៈ ណៃ តុលា

To Top