បរទេស៖ លោក Alan Jones ដែលជាជនជាតិអូស្ត្រាលីចុងក្រោយគេ និងជាអ្នកបើកបរដំបូងគេរបស់ក្រុម Williams ដែលបានឈ្នះពានរង្វាន់ជើងឯកពិភពលោក Formula 1 បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៨០ឆ្នាំ។
លោក Jones បានប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ F1 ចន្លោះឆ្នាំ១៩៧៥ ដល់ ១៩៨៦ ដោយបានឈ្នះជើងឯកនៅឆ្នាំ១៩៨០ ដើម្បីក្លាយជាម្ចាស់ជើងឯកពិភពលោកដំបូងគេ ក្នុងចំណោមម្ចាស់ជើងឯកពិភពលោកទាំង ៧រូប របស់ក្រុម Williams នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
លោក Jones ដែលទើបតែឈានចូលវ័យ ៨០ឆ្នាំកាលពីថ្ងៃចន្ទ បានឈ្នះការប្រកួត Grand Prix ចំនួន ១២ដង ក្នុងអាជីពរបស់លោក និងបានបន្តការប្រកួតប្រជែងក្នុងទម្រង់កីឡាប្រណាំងឡានផ្សេងទៀតរហូតដល់ឆ្នាំ២០០២។
ភរិយារបស់លោក គឺអ្នកស្រី Amanda Butler-Davis បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញតំណាងឱ្យអ្នកស្រីដោយស្ថាប័ន Motorsport Australia ថា៖ “ពួកយើងមានការសោកស្តាយយ៉ាងខ្លាំង ដែលត្រូវប្រកាសពីមរណភាពរបស់លោក Alan ជាទីស្រឡាញ់របស់យើង ដែលបានបាត់បង់ជីវិតនៅថ្ងៃទី៥ ខែវិច្ឆិកា បន្ទាប់ពីធ្លាក់ខ្លួនឈឺក្នុងរយៈពេលខ្លីមួយ។”
លោក Jones បានចាប់ផ្តើមការប្រកួតលើកដំបូង ក្នុងចំណោមការប្រកួត F1 ទាំង ១១៦ដងរបស់លោក ដោយបើកបរឱ្យក្រុម Hesketh នៅក្នុងព្រឹត្តិការណ៍ Spanish Grand Prix ឆ្នាំ១៩៧៥។
លោកបានឈ្នះការប្រកួតលើកដំបូងរបស់ខ្លួនសម្រាប់ក្រុម Shadow នៅក្នុងប្រទេសអូទ្រីស នាឆ្នាំ១៩៧៧ មុនពេលផ្លាស់ទៅចូលរួមជាមួយក្រុម Williams នៅឆ្នាំបន្ទាប់។
បន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងការប្រជែងជើងឯកអ្នកបើកបរ (Drivers’ championship) ក្នុងឆ្នាំ១៩៧៩ លោកបានឈ្នះការប្រកួតចំនួន ៥ដង ក្នុងឆ្នាំ១៩៨០ និងបានឈរនៅលើវេទិកាទទួលជ័យលាភី (Podium) ស្ទើរតែគ្រប់ការប្រកួត Grand Prix ទាំងអស់ដែលលោកបានប្រកួតបញ្ចប់ (លើកលែងតែមួយប្រកួតប៉ុណ្ណោះ) ដោយបានដណ្តើមពានរង្វាន់ជើងឯកនាំមុខលោក Nelson Piquet ។
លោក Jones គឺជាជនជាតិអូស្ត្រាលីទីពីរ ដែលបានឈ្នះជើងឯក F1 បន្ទាប់ពីលោក Jack Brabham ដែលបានឈ្នះនៅឆ្នាំ១៩៥៩, ១៩៦០ និង ១៩៦៦។
លោក Jones នៅតែជាជនជាតិអូស្ត្រាលីចុងក្រោយគេបង្អស់ដែលបានទទួលជ័យជម្នះក្នុងព្រឹត្តិការណ៍ Australian Grand Prix ដោយបានឈ្នះនៅទីលាន Calder Park Raceway ក្នុងទីក្រុងម៉ែលប៊ន (Melbourne) កាលពីឆ្នាំ១៩៨០ នៅពេលដែលការប្រកួតនោះមិនទាន់បានរាប់បញ្ចូលជាផ្នែកមួយនៃការប្រកួតជើងឯកពិភពលោកនៅឡើយ។
លោកបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងតារាងពិន្ទុអ្នកបើកបរប្រចាំឆ្នាំ១៩៨១ ដោយទទួលបានជ័យជម្នះនៅទីក្រុង Las Vegas ដែលក្លាយជាជ័យជម្នះចុងក្រោយក្នុងអាជីពរបស់លោក។ លោកបានប្រកាសចូលនិវត្តន៍នៅចុងបញ្ចប់នៃរដូវកាលនោះ។
បន្ទាប់ពីបានបង្ហាញខ្លួនមួយប្រកួតសម្រាប់ក្រុម Arrows ក្នុងឆ្នាំ១៩៨៣ លោក Jones បានត្រឡប់មកប្រកួតពេញម៉ោងវិញជាមួយក្រុមថ្មីគឺ Haas ក្នុងឆ្នាំ១៩៨៥ ប៉ុន្តែការប្រកួតនៅឆ្នាំបន្ទាប់របស់លោកភាគច្រើនមិនទទួលបានជោគជ័យឡើយ។
លោកនៅតែបន្តចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្តប្រភេទ Touring car និងការប្រកួតស៊ូទ្រាំ (Endurance races) ជាចម្បងនៅក្នុងប្រទេសអូស្ត្រាលី ហើយបានក្លាយជាអ្នកវិភាគកីឡាប្រណាំងយានយន្តដ៏មានប្រជាប្រិយភាពនៅលើកញ្ចក់ទូរទស្សន៍ក្នុងប្រទេសកំណើតរបស់លោក។
ប្រែសម្រួល៖ គីរី


