អ៊ីរ៉ង់ ប្រកាសដំណាក់កាលថ្មី ក្នុងការគ្រប់គ្រងច្រកសមុទ្រហ័រមូស
តេអេរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei បានឧ្យដឹងថា ប្រជាជនអ៊ីរ៉ង់ សម្រេចបាន «ជ័យជម្នះដ៏សំខាន់» ក្នុងសង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយបន្ថែមថា អ៊ីរ៉ង់ នឹងផ្លាស់ប្តូរការគ្រប់គ្រងច្រកសមុទ្រហ័រមូសទៅក្នុងដំណាក់កាលថ្មីមួយ។ លោក Khamenei បានធ្វើការកត់សម្គាល់នេះ នៅក្នុងសារមួយដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់នៅថ្ងៃទី ៤០ បន្ទាប់ពីការស្លាប់ របស់អតីតមេដឹកនាំកំពូល លោក Ali Khamenei ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ របស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល នៅដើមជម្លោះ។ លោកបានលេីកឡេីងថា «យើងមិនបានស្វែងរក និងមិនស្វែងរកសង្គ្រាមនោះទេ ប៉ុន្តែយើងនឹងមិនបោះបង់ចោលសិទ្ធិស្របច្បាប់របស់យើងទេ ហើយដើម្បីសម្រេចគោលដៅនេះ យើងចាត់ទុករណសិរ្សតស៊ូទាំងមូលថាជាឯកភាពគ្នា»។ មេដឹកនាំកំពូលបានជំរុញ ឱ្យប្រទេសជិតខាងភាគខាងត្បូងរបស់អ៊ីរ៉ង់ «ឈរនៅកន្លែងត្រឹមត្រូវ ដោយបន្ថែមថា យើងនៅតែរង់ចាំការឆ្លើយ តបសមស្របពីអ្នក ដើម្បីបង្ហាញអ្នកពីភាតរភាព និងសុច្ឆន្ទៈរបស់យើង»។ លោកបានហៅការធ្វើឃាតអ្នកកាន់តំណែង មុនរបស់លោកថាជាឧក្រិដ្ឋកម្មដ៏ធំបំផុតមួយ ដោយសត្រូវរបស់អ៊ីរ៉ង់ និងជាទុក្ខសោកសាធារណៈធ្ងន់ធ្ងរបំផុត មួយនៅក្នុងប្រវត្តិសាស្ត្រអ៊ីរ៉ង់៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed