ព័ត៌មានអន្តរជាតិ

​ អ៊ីរ៉ង់​ ប្រកាសដំណាក់កាលថ្មី ក្នុងការគ្រប់គ្រងច្រកសមុទ្រហ័រមូស

តេអេរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei បានឧ្យដឹងថា ប្រជាជនអ៊ីរ៉ង់​ សម្រេចបាន «ជ័យជម្នះដ៏សំខាន់» ក្នុងសង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយបន្ថែមថា អ៊ីរ៉ង់​ នឹងផ្លាស់ប្តូរការគ្រប់គ្រងច្រកសមុទ្រហ័រមូសទៅក្នុងដំណាក់កាលថ្មីមួយ។

លោក Khamenei បានធ្វើការកត់សម្គាល់នេះ នៅក្នុងសារមួយដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់នៅថ្ងៃទី ៤០​ បន្ទាប់ពីការស្លាប់ របស់អតីតមេដឹកនាំកំពូល លោក Ali Khamenei ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ របស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល​ នៅដើមជម្លោះ។

លោកបានលេីកឡេីងថា «យើងមិនបានស្វែងរក និងមិនស្វែងរកសង្គ្រាមនោះទេ ប៉ុន្តែយើងនឹងមិនបោះបង់ចោលសិទ្ធិស្របច្បាប់របស់យើងទេ ហើយដើម្បីសម្រេចគោលដៅនេះ យើងចាត់ទុករណសិរ្សតស៊ូទាំងមូលថាជាឯកភាពគ្នា»។

មេដឹកនាំកំពូលបានជំរុញ ឱ្យប្រទេសជិតខាងភាគខាងត្បូងរបស់អ៊ីរ៉ង់ «ឈរនៅកន្លែងត្រឹមត្រូវ ដោយបន្ថែមថា យើងនៅតែរង់ចាំការឆ្លើយ តបសមស្របពីអ្នក ដើម្បីបង្ហាញអ្នកពីភាតរភាព និងសុច្ឆន្ទៈរបស់យើង»។

លោកបានហៅការធ្វើឃាតអ្នកកាន់តំណែង មុនរបស់លោកថាជាឧក្រិដ្ឋកម្មដ៏ធំបំផុតមួយ ដោយសត្រូវរបស់អ៊ីរ៉ង់ និងជាទុក្ខសោកសាធារណៈធ្ងន់ធ្ងរបំផុត មួយនៅក្នុងប្រវត្តិសាស្ត្រអ៊ីរ៉ង់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top