លោក Vance នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាននៅថ្ងៃអង្គារសម្រាប់កិច្ចពិភាក្សាអំពីអ៊ីរ៉ង់

វ៉ាស៊ីនតោន៖​ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាននៅថ្ងៃអង្គារ​នេះ​ សម្រាប់កិច្ចពិភាក្សាជាមួយអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Axios ដោយដកស្រង់ប្រភពព័ត៌មានរបស់សហរដ្ឋអាមេរិក។ ក្រុមមន្រ្តីរបស់អ៊ីរ៉ង់​ ក៏បានទទួលភ្លើងខៀវផងដែរពីមេដឹកនាំកំពូលអ៊ីរ៉ង់​ សម្រាប់ការចរចាជាមួយសហរដ្ឋអាមេរិក​ បេីទោះបីជាប្រទេសទាំងពីបរាជ័យម្ដងរួចមកហេីយក្នុងការឈានដល់កិច្ចព្រមព្រៀងនៅក្នុងការចរចាសន្ដិភាពជុំទី១​ នៅក្នុងប្រទេសប៉ាគីស្ថាន។ ប្រធានាធិបតីអាមេរិកលោក​ ដូណាល់​ ត្រាំ​ អះអាងថា​ លោកមិនចង់ពង្រីកបទឈប់បាញ់ជាមួយអ៊ីរ៉ង់នោះទេ​ ដោយលោក​ បានលេីកឡេីងថា​ វាមិនទំនងទាល់តែសោះ ដែលលោកនឹងបន្តបទឈប់បាញ់រយៈពេលពីរសប្តាហ៍ជាមួយអ៊ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀងមិនត្រូវបានឈានដល់មុនពេលវាបញ្ចប់នៅសប្តាហ៍នេះ។ លោក ដូណាល់​ ត្រាំ បានឧ្យដឹងនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា ច្រកសមុទ្រហ័រមូសនឹងនៅតែត្រូវបានរារាំងរហូតដល់កិច្ចព្រមព្រៀងសន្តិភាពត្រូវបានបញ្ចប់។ លោកបានលេីកឡេីងថា «ពួកគេចង់ឱ្យខ្ញុំបើកវា។ អ៊ីរ៉ង់ចង់ឱ្យវាបើកយ៉ាងខ្លាំងណាស់ ខ្ញុំមិនបើកវាទេរហូតដល់កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា»។ តម្លៃប្រេងបានកើនឡើង ខណៈដែលទីក្រុងវ៉ាស៊ីនតោន​ រក្សាការបិទផ្លូវរបស់ខ្លួន ហើយកងទ័ពជើងទឹកអាមេរិកបានរឹបអូសកប៉ាល់​ ដែលមានទង់ជាតិអ៊ីរ៉ង់មួយគ្រឿង​ កាលពីចុងសប្តាហ៍។ លោក ត្រាំ បានបន្ដថា «ខ្ញុំមិនប្រញាប់ប្រញាល់ធ្វើកិច្ចព្រមព្រៀងនោះទេ​»។​ លោកថា បទឈប់បាញ់ ដែលលោកបានប្រកាសនៅថ្ងៃទី៧​ ខែមេសា នឹងផុតកំណត់នៅល្ងាចថ្ងៃពុធហេីយ៕ ប្រែសម្រួល​ ឈូក​ បូរ៉ា