លោក Vance នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាននៅថ្ងៃអង្គារសម្រាប់កិច្ចពិភាក្សាអំពីអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាននៅថ្ងៃអង្គារនេះ សម្រាប់កិច្ចពិភាក្សាជាមួយអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Axios ដោយដកស្រង់ប្រភពព័ត៌មានរបស់សហរដ្ឋអាមេរិក។
ក្រុមមន្រ្តីរបស់អ៊ីរ៉ង់ ក៏បានទទួលភ្លើងខៀវផងដែរពីមេដឹកនាំកំពូលអ៊ីរ៉ង់ សម្រាប់ការចរចាជាមួយសហរដ្ឋអាមេរិក បេីទោះបីជាប្រទេសទាំងពីបរាជ័យម្ដងរួចមកហេីយក្នុងការឈានដល់កិច្ចព្រមព្រៀងនៅក្នុងការចរចាសន្ដិភាពជុំទី១ នៅក្នុងប្រទេសប៉ាគីស្ថាន។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អះអាងថា លោកមិនចង់ពង្រីកបទឈប់បាញ់ជាមួយអ៊ីរ៉ង់នោះទេ ដោយលោក បានលេីកឡេីងថា វាមិនទំនងទាល់តែសោះ ដែលលោកនឹងបន្តបទឈប់បាញ់រយៈពេលពីរសប្តាហ៍ជាមួយអ៊ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀងមិនត្រូវបានឈានដល់មុនពេលវាបញ្ចប់នៅសប្តាហ៍នេះ។
លោក ដូណាល់ ត្រាំ បានឧ្យដឹងនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា ច្រកសមុទ្រហ័រមូសនឹងនៅតែត្រូវបានរារាំងរហូតដល់កិច្ចព្រមព្រៀងសន្តិភាពត្រូវបានបញ្ចប់។
លោកបានលេីកឡេីងថា «ពួកគេចង់ឱ្យខ្ញុំបើកវា។ អ៊ីរ៉ង់ចង់ឱ្យវាបើកយ៉ាងខ្លាំងណាស់ ខ្ញុំមិនបើកវាទេរហូតដល់កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា»។ តម្លៃប្រេងបានកើនឡើង ខណៈដែលទីក្រុងវ៉ាស៊ីនតោន រក្សាការបិទផ្លូវរបស់ខ្លួន ហើយកងទ័ពជើងទឹកអាមេរិកបានរឹបអូសកប៉ាល់ ដែលមានទង់ជាតិអ៊ីរ៉ង់មួយគ្រឿង កាលពីចុងសប្តាហ៍។
លោក ត្រាំ បានបន្ដថា «ខ្ញុំមិនប្រញាប់ប្រញាល់ធ្វើកិច្ចព្រមព្រៀងនោះទេ»។ លោកថា បទឈប់បាញ់ ដែលលោកបានប្រកាសនៅថ្ងៃទី៧ ខែមេសា នឹងផុតកំណត់នៅល្ងាចថ្ងៃពុធហេីយ៕
ប្រែសម្រួល ឈូក បូរ៉ា
