​ អ៊ុយក្រែន​ ត្រៀមផលិតយន្តហោះ គ្មានមនុស្សបើករបស់ខ្លួន​ នៅក្នុងប្រទេសន័រវេស

អូស្លូ៖​ រដ្ឋាភិបាលន័រវេ​ សបានឧ្យដឹងថា ប្រទេសន័រវេស និង អ៊ុយក្រែន​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ​ ដើម្បីចាប់ផ្តើមការផលិតយន្តហោះ គ្មានមនុស្សបើកអ៊ុយក្រែន រួមគ្នានៅប្រទេសន័រវេស។ យោងតាមសេចក្តីថ្លែងការណ៍មួយ ពីក្រសួងការពារជាតិន័រវេស កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅទីក្រុងគៀវ​ ដោយឯកអគ្គរដ្ឋទូតន័រវេស ប្រចាំប្រទេសអ៊ុយក្រែន លោក Lars Ragnar Aalerud Hansen និងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Sergiy Boyev។ សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា ក្រុមហ៊ុនផលិតអ៊ុយក្រែន​ បានប្រាប់ក្រសួងការពារជាតិ ន័រវេសថា ខ្លួនរំពឹងថា ប្រព័ន្ធផលិតដោយប្រទេសន័រវេសដំបូង នឹងត្រូវបានដឹកជញ្ជូនទៅឱ្យអ៊ុយក្រែន មុនរដូវក្តៅនេះ។ រដ្ឋមន្ត្រីក្រសួងការពារជាតិន័រវេស លោក Tore O. Sandvik បានឧ្យដឹងថា កិច្ចសហប្រតិបត្តិការនេះគឺជា “ជំហានដ៏សំខាន់ និងជាក់ស្តែង” ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ ការពារជាតិន័រវេស-អ៊ុយក្រែនកាន់តែស៊ីជម្រៅ។ កិច្ចព្រមព្រៀងនេះក៏នឹងជួយសម្រួល ដល់កិច្ចសហប្រតិបត្តិការឧស្សាហកម្មទ្វេភាគីផងដែរ រួមទាំងកិច្ចខិតខំប្រឹងប្រែង​ ដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្កើតកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍន៍រួមគ្នា៕