កង់បេរ៉ា៖ យោងតាមការស្ទង់មតិមួយដែលបានចេញផ្សាយនៅថ្ងៃពុធ ប្រជាជនអូស្ត្រាលីជាង ៤០ ភាគរយបានស្តីបន្ទោសសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចំពោះវិបត្តិប្រេងឥន្ធនៈដែលកំពុងបន្ត ហើយភាគច្រើនរំពឹងថាសេដ្ឋកិច្ចជាតិនឹងកាន់តែអាក្រក់ទៅៗក្នុងរយៈពេល ៦ខែខាងមុខ។ ការបោះពុម្ពផ្សាយចុងក្រោយបំផុតនៃរបាយការណ៍ Essential Report ដែលជាការស្ទង់មតិប្រចាំខែលើបញ្ហាសង្គម និងនយោបាយដែលធ្វើឡើងដោយក្រុមហ៊ុនឯករាជ្យ Essential Research បានសួរអ្នកឆ្លើយតបថាអ្នកណា ដែលពួកគេស្តីបន្ទោសបំផុតចំពោះវិបត្តិប្រេងឥន្ធនៈដែលកំពុងបន្ត ដោយ ៤២ ភាគរយបានកំណត់អត្តសញ្ញាណសហរដ្ឋអាមេរិក និងអ៊ីស្រាអែល សម្រាប់ការផ្តួចផ្តើមការវាយប្រហារលើអ៊ីរ៉ង់។ បើប្រៀបធៀប ៣២ ភាគរយនៃអ្នកឆ្លើយតបបានឧ្យដឹងថា ពួកគេភាគច្រើនស្តីបន្ទោសរដ្ឋាភិបាលអូស្ត្រាលី ចំពោះការមិនបានរៀបចំផែនការជាមុន និង ១៧ ភាគរយបាននិយាយថា អ៊ីរ៉ង់ទទួលខុសត្រូវបំផុតចំពោះការបិទច្រកសមុទ្រហ័រមូស។ ជម្លោះនៅមជ្ឈិមបូព៌ាបានបណ្តាលឱ្យតម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសអូស្ត្រាលីកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងខែមីនា ដែលជំរុញឱ្យរដ្ឋាភិបាលសហព័ន្ធ និងរដ្ឋកាត់បន្ថយពន្ធលើការលក់ប្រេងឥន្ធនៈជាបណ្តោះអាសន្ន។ មុនពេលលោក Jim Chalmers រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ប្រគល់ថវិកាសហព័ន្ធសម្រាប់ឆ្នាំ ២០២៦-២០២៧ ក្នុងខែឧសភា អ្នកឆ្លើយតបចំនួន ៦៨ ភាគរយចំពោះការស្ទង់មតិ Essential បានឧ្យដឹងថា ពួកគេនឹងគាំទ្រយ៉ាងខ្លាំង ឬគាំទ្រខ្លះៗចំពោះចលនាមួយ ដើម្បីពង្រីកការកាត់បន្ថយពន្ធប្រេងឥន្ធនៈ៕ ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed