ព័ត៌មានអន្តរជាតិ

ប្រជាជនអូស្ត្រាលីជាង ៤០ ភាគរយអះអាងថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាអ្នកទទួលខុសត្រូវបំផុត​ ចំពោះវិបត្តិប្រេងឥន្ធនៈ

កង់បេរ៉ា៖​ យោងតាមការស្ទង់មតិមួយដែលបានចេញផ្សាយនៅថ្ងៃពុធ ប្រជាជនអូស្ត្រាលីជាង ៤០ ភាគរយបានស្តីបន្ទោសសហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ ចំពោះវិបត្តិប្រេងឥន្ធនៈដែលកំពុងបន្ត ហើយភាគច្រើនរំពឹងថាសេដ្ឋកិច្ចជាតិនឹងកាន់តែអាក្រក់ទៅៗក្នុងរយៈពេល​ ៦ខែខាងមុខ។

ការបោះពុម្ពផ្សាយចុងក្រោយបំផុតនៃរបាយការណ៍ Essential Report ដែលជាការស្ទង់មតិប្រចាំខែលើបញ្ហាសង្គម និងនយោបាយដែលធ្វើឡើងដោយក្រុមហ៊ុនឯករាជ្យ Essential Research បានសួរអ្នកឆ្លើយតបថាអ្នកណា​ ដែលពួកគេស្តីបន្ទោសបំផុតចំពោះវិបត្តិប្រេងឥន្ធនៈដែលកំពុងបន្ត ដោយ ៤២ ភាគរយបានកំណត់អត្តសញ្ញាណសហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ សម្រាប់ការផ្តួចផ្តើមការវាយប្រហារលើអ៊ីរ៉ង់។

បើប្រៀបធៀប ៣២ ភាគរយនៃអ្នកឆ្លើយតបបានឧ្យដឹងថា ពួកគេភាគច្រើនស្តីបន្ទោសរដ្ឋាភិបាលអូស្ត្រាលី​ ចំពោះការមិនបានរៀបចំផែនការជាមុន និង ១៧ ភាគរយបាននិយាយថា អ៊ីរ៉ង់ទទួលខុសត្រូវបំផុតចំពោះការបិទច្រកសមុទ្រហ័រមូស។

ជម្លោះនៅមជ្ឈិមបូព៌ាបានបណ្តាលឱ្យតម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសអូស្ត្រាលីកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងខែមីនា ដែលជំរុញឱ្យរដ្ឋាភិបាលសហព័ន្ធ និងរដ្ឋកាត់បន្ថយពន្ធលើការលក់ប្រេងឥន្ធនៈជាបណ្តោះអាសន្ន។

មុនពេលលោក Jim Chalmers រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ប្រគល់ថវិកាសហព័ន្ធសម្រាប់ឆ្នាំ ២០២៦-២០២៧ ក្នុងខែឧសភា អ្នកឆ្លើយតបចំនួន ៦៨ ភាគរយចំពោះការស្ទង់មតិ Essential បានឧ្យដឹងថា ពួកគេនឹងគាំទ្រយ៉ាងខ្លាំង ឬគាំទ្រខ្លះៗចំពោះចលនាមួយ​ ដើម្បីពង្រីកការកាត់បន្ថយពន្ធប្រេងឥន្ធនៈ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top