វិបត្តិមជ្ឈិមបូព៌ា ប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូ និងបង្កើនហានិភ័យអតិផរណា
ព្រុចសែល៖ មន្ត្រីជាន់ខ្ពស់ធនាគារកណ្តាលអឺរ៉ុប (ECB) បានឧ្យដឹងថា វិបត្តិនៅមជ្ឈិមបូព៌ា បានបង្កើនភាពមិនប្រាកដប្រជា ហើយកំពុងប៉ះពាល់ដល់ទាំងអតិផរណា និងកំណើននៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ ។ ថ្លែងនៅក្នុងគណៈកម្មាធិការកិច្ចការសេដ្ឋកិច្ច និងរូបិយវត្ថុរបស់សភាអឺរ៉ុប នៅទីក្រុងព្រុចសែល លោក Philip Lane សមាជិកក្រុមប្រឹក្សាភិបាល ECB បានឧ្យដឹងថា កិច្ចព្រមព្រៀងសន្តិភាពនៅមជ្ឈិមបូព៌ា គឺត្រូវបានស្វាគមន៍ ប៉ុន្តែស្ថានភាពនៅតែផុយស្រួយ ជាមួយនឹងហានិភ័យនៃការថយក្រោយ ឬការកើនឡើងនៃភាពតានតឹងឡើងវិញ។ លោកបានលេីកឡេីងថា “ផលប៉ះពាល់ពេញលេញនៃសង្គ្រាមសម្រាប់អតិផរណា និងកំណើនរយៈពេលមធ្យម នឹងអាស្រ័យលើអាំងតង់ស៊ីតេ និងរយៈពេលនៃការប្រែប្រួលតម្លៃថាមពល និងលើទំហំនៃផលប៉ះពាល់ដោយប្រយោល និងជុំទីពីររបស់វា”។ យោងតាមការលេីកឡេីងរបស់លោក សង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងជះឥទ្ធិពលដល់សកម្មភាពសេដ្ឋកិច្ច។ សកម្មភាពសេវាកម្ម បានចុះខ្សោយគួរឱ្យកត់សម្គាល់ជាងការផលិត ខណៈពេលដែលការគាំទ្រពីការប្រមូលផ្តុំស្តុកបង្ការ ហាក់ដូចជាកំពុងរសាត់បាត់ទៅ ខណៈដែលការបញ្ជាទិញថ្មីនៅទ្រឹងក្នុងខែឧសភា។ ទីផ្សារការងារនៅតែមានភាពធន់ ដោយអត្រាគ្មានការងារធ្វើជិតដល់កម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រគឺ ៦.៣ភាគរយនៅក្នុងខែមេសា ប៉ុន្តែមន្រ្តី ECB រូបនេះបានកត់សម្គាល់ថា តម្រូវការការងារបានធ្លាក់ចុះបន្ថែមទៀត ហើយទាំងក្រុមហ៊ុន និងគ្រួសាររំពឹងថា ទីផ្សារការងារនឹងចុះខ្សោយបន្ដទៀតដែរ៕ ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed